អត្ថបទ៖ សំនៀង
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានធ្វើបទបង្ហាញស្ដីពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម”។
ក្នុងឱកាសនោះ លោក សុក បូរ៉ា បានធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពីការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមរួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម ជូនទៅដល់អ្នកចូលរួមក្នុងសិក្ខាសាលាទាំងអស់។
ជាមួយគ្នានោះដែរ លោក សុក បូរ៉ា បានអំពាវនាវទៅដល់ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស្រេង សោភ័ណរស្មី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា៦០នាក់៕
30-កញ្ជា-2025 - ម៉ោង 04:17:PM
30-កញ្ជា-2025 - ម៉ោង 10:14:AM
28-កញ្ជា-2025 - ម៉ោង 03:34:PM
16-កញ្ជា-2025 - ម៉ោង 02:23:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា