អត្ថបទ៖ កែវ រតនៈ
នៅក្នុងពេលអញ្ជើញបើកសិក្ខាសាលាស្ដីពី អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទោះបីជាអ្វីដែលបានផ្ដល់ជូននេះ មិនបាន១០០ភាគរយ ក៏ប៉ុន្តែការពង្រីកទីផ្សារការងារក្នុងរយៈពេលដ៏ខ្លី គឺទទួលបាននូវលទ្ធផលជាង ២៤ម៉ឺននាក់មកពីថៃ បានការងារធ្វើនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានន័យថា សុទ្ធតែជាអ្នកដែលបានធ្វើការនៅតាមរោងចក្រ ឬមួយក៏សហគ្រាសធំៗ។
ក្រៅពីនេះ ក៏មានអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៦ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋានជាដើម ដែលជាការងារស្ថិតនៅក្រៅប្រព័ន្ធ។ ដូច្នេះសរុបទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលការងារក្នុងស្រុក។
នៅក្នុងនោះដែរ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងអំណរគុណដល់វិស័យឯកជន ព្រមទាំងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលកន្លងមកនេះ បានចូលរួមយ៉ាងសកម្មជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ដល់នូវឱកាសការងារយ៉ាងច្រើន ដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ៕
រូបភាព៖ ក្រសួងការងារ
ម្សិលមិញ ម៉ោង 09:42:AM
30-កញ្ជា-2025 - ម៉ោង 10:21:AM
29-កញ្ជា-2025 - ម៉ោង 11:06:AM
27-កញ្ជា-2025 - ម៉ោង 12:50:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា