ដោយ៖ យូ វាសនា
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានអំពាវនាវឱ្យសាធារណជនចូលរួមគាំទ្រការកែច្នៃផលិតផលក្នុងវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ រក្សាបាននូវការផលិតបែបគុណភាពខ្ពស់។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មបែបនេះធ្វើឡើងនៅក្នុងពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-CAPTURE)នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
នាឱកាសនោះក៏មានការចូលរួមពីឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ដេហ្សេណេ តេហ្សេរ៉ា(Dejene TEZERA) ប្រធាននាយកដ្ឋាននៃអង្គការយូនីដូ(UNIDO) ស្ថិតក្រោមមូលបទ «បរិវត្តកម្មជលផលកម្ពុជាដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន» ។
ក្នុងនោះដែរឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរនូវការអនុវត្តការងារគម្រោងពីមន្រ្តីជំនាញ និងដៃគូអភិវឌ្ឍន៍សហភាពអឺរ៉ុប ព្រមទាំងអង្គការយូនីស្កូ ដែលបានជំរុញតួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យជលផលកម្ពុជា ទទួលបាននូវចំណេះដឹង ចំណេះធ្វើក្នុងការកែច្នៃផលិតផលជលផល រួមមាន ត្រីងៀត ប្រហុក ផ្អក ជាដើម ប្រកបដោយគុណភាព សុវត្ថិភាព អនាម័យខ្ពស់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តម ឌិត ទីណា ក៏បានធ្វើការវាយតម្លៃខ្ពស់តាមរយៈការអនុវត្តគម្រោងនេះ ដែលនាំឱ្យវិស័យឯកជនទទួលបានទីផ្សារផ្សារភ្ជាប់នឹងការផលិត ការកសាងទំនុកចិត្តជាមួយអ្នកប្រើប្រាស់ រក្សាបានការកែច្នៃតាមស្តង់ដាអន្តរជាតិ មានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ ជាពិសេសតម្លៃនៃភាពជាម្ចាស់ ការគិតគូរកែច្នៃម្ហូបដែលជាវប្បធម៌ខ្មែរ រក្សាបាននូវរសជាតិដើមប្រពៃណីខ្មែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអ្នកកែច្នៃទាំងអស់ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី ដែលមានសក្តានុពល មានទីផ្សារល្អ ហើយសាកល្បងកែច្នៃនូវផលិតផលថ្មីៗថែមទៀត ដែលមានរសជាតិឆ្ងាញ់ មានភាពច្នៃប្រឌិត វេចខ្ចប់គិតគូរពីសុខភាពអ្នកប្រើប្រាស់ រក្សាបាននូវរសជាតិដើមប្រពៃណី ព្រមទាំងធានាអនាម័យ និងសុវត្ថិភាពជូនអតិថិជន។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណូមពរដល់សាធារណជន ព្រមទាំងអ្នកប្រើប្រាស់ និងបរិភោគ បង្កើនការចូលរួមគាំទ្រផលិតផលក្នុងស្រុកដែលជាកត្តាសំខាន់ចាំបាច់ ជួយលើកទឹកចិត្តអ្នកផលិតក្នុងវិស័យជលផលឱ្យកាន់តែមានភាពច្នៃប្រឌិត លើកកម្ពស់ផលិតផលខ្មែរ រក្សាបាននូវការផលិតបែបប្រសិទ្ធភាពគុណភាព សុវត្ថិភាព និងអនាម័យ៕
13-តុលា-2025 - ម៉ោង 03:03:PM
10-តុលា-2025 - ម៉ោង 03:56:PM
10-តុលា-2025 - ម៉ោង 10:24:AM
08-តុលា-2025 - ម៉ោង 09:45:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា