ដោយ៖ កែវ រតនៈ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App និងពិធីប្រគល់កុំព្យូទ័របន្ទះ (Tablet) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរដល់មន្រ្តីកសិកម្មឃុំទាំងអស់ដែលបានប្រលងជាប់និងចូលបម្រើការងារតាមមូលដ្ឋាន ហើយបានថ្លែងថា ការបណ្ដុះបណ្ដាលជំនាញឌីជីថល និងការផ្ដល់ធនធានទាំងនេះ គឺជាការជួយសម្រួលដល់ការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំក្នុងការគាំទ្រនិងបម្រើប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមស្មារតី«មានហូប មានបាន មានប្រើ និងមានរហូត» នៃគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំមន្ត្រីកសិកម្មឃុំឱ្យប្រើប្រាស់ធនធានទាំងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផ្តល់សេវាប្រឹក្សាយោបល់ជូនប្រជាកសិករទាំងបច្ចេកទេសកសិកម្ម ទីផ្សារ និងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើឱ្យ មន្ត្រីកសិកម្មឃុំបន្តជ្រោមជ្រែងនិងប្រមូលផ្តុំកសិករឱ្យចូលរួមការចងក្រងជាសហគមន៍កសិកម្មទំនើ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាកសិករតាមរយៈការកាត់បន្ថយថ្លៃដើម និងការធានាទីផ្សារតម្លៃទុកមុន។
ការបណ្ដុះបណ្ដាលជំនាញឌីជីថល គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពមន្ត្រីកសិកម្មឃុំ ក្នុងការប្រមូលព័ត៌មានពីកសិករនិងតួអង្គពាក់ព័ន្ធ សិក្សាប៉ាន់ស្មានផែនការតាមតំបន់ និងទំហំផលិតកម្ម សិក្សាពីតម្រូវការនិងព័ត៌មានរបស់ឣ្នកប្រមូលទិញធៀបនឹងទិន្នផល ប៉ាន់ស្មានតម្រូវការធាតុចូលកសិកម្ម និងដឹងពីស្ថានភាពភូមិសាស្ត្រតាមតំបន់។ ព័ត៌មានដែលទទួលបានទាំងនេះ នឹងត្រូវចងក្រង ដើម្បីរាជរដ្ឋាភិបាលរៀបចំផែនការយុទ្ធសាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានបញ្ហាប្រឈម៕
រូបភាព៖ ក្រសួងកសិកម្ម
13-តុលា-2025 - ម៉ោង 03:03:PM
10-តុលា-2025 - ម៉ោង 03:56:PM
10-តុលា-2025 - ម៉ោង 10:24:AM
08-តុលា-2025 - ម៉ោង 09:45:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា