ដោយ៖ កែវ រតនៈ
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងរៀបចំពិព័រណ៍ការ ងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនដល់ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមាន ការងារស្ថិតក្នុងវិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម។
ក្រៅពីទទួលបានឱកាសការងារភ្លាមៗហើយនោះ ពលករក៏នឹងមានឱកាសនៅក្នុងការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់៤៥ជំនាញ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលចូលធ្វើការងារ ដែលរួមមាន អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន។
លោកបានបន្ថែមថា ពិព័រណ៍នេះ បានរៀបចំរួចមកហើយ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ដោយមានពលករជាច្រើននាក់ បានទទួលឱកាសការងារធ្វើ។ ចំណែកនៅចុងសប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងបន្តរៀបចំនៅខេត្តបន្ទាយមានជ័យ ហើយនៅខេត្តសៀមរាប នឹងរៀបចំចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា រីឯនៅខេត្តព្រៃវែង និងខេត្តកំពង់ធំ នឹងរៀបចំចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។
អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់ពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទៅចូលរួមពិព័រណ៍នេះឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ជាច្រើន។ លោក
ស៊ុន មេសា ថា នៅក្នុងពិព័រណ៍នេះ ពលករអាចដាក់ពាក្យ និងអាចសម្ភាសការងារភ្លាមៗ ដោយមិនចាំបាច់រង់ចាំឡើយ ហើយប្រសិនបើមិនបានចូលរួមទេ អាចទាក់ទង Hotline ១២៩៧ ឬអាចទាក់ទងតាមបណ្ដាញសង្គមឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ, បណ្ដាញសង្គមក្រសួងការងារ និងបណ្ដាញសង្គមអ្នកនាំពាក្យក្រសួងការងារ៕
រូបភាព៖ ក្រសួងការងារ
06-តុលា-2025 - ម៉ោង 09:37:AM
03-តុលា-2025 - ម៉ោង 10:39:AM
02-តុលា-2025 - ម៉ោង 09:42:AM
30-កញ្ជា-2025 - ម៉ោង 10:21:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា