សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ

06-តុលា-2025 - ម៉ោង 09:37:AM


អត្ថបទ៖ កែវ រតនៈ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម បានឱ្យដឹងថា អង្គការអុកស្វាម សហការជាមួយអង្គការក្រុមទ្រទ្រង់ភូមិដែលជាដៃគូអនុវត្តគម្រោងភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា បានអនុវត្ត​កម្មវិធីផ្ទេរសាច់ប្រាក់បន្ទាន់មួយនៅដើមខែតុលា ដើម្បីគាំទ្រដល់គ្រួសារភៀសសឹកងាយរងគ្រោះចំនួន ២០០ គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ។ គំនិតផ្តួចផ្តើមនេះ ឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់របស់សហគមន៍ដែលកំពុងរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិនៅក្នុងស្រុកអង្លង់វែង ស្រុកបន្ទាយអំពិល សង្កាត់សំរោង និងតំបន់ការពារផ្សេងៗទៀតដែលនៅជុំវិញនោះ។


សេចក្តីប្រកាសព័ត៌មានបន្តថា អង្គការក្រុមទ្រទ្រង់ភូមិបានចុះវាយតម្លៃផលប៉ះពាល់រួមគ្នាមួយនៅក្នុងភូមិចំនួន ១៩ នៃឃុំចំនួន ៤ និងស្រុកចំនួន ៣ ក្នុងខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ។ ក្រុមការងារបានស្ទង់មតិគ្រួសារចំនួន ៤៩៩ តាមរយៈការសម្ភាសន៍ ការចុះសួរសុខទុក្ខគ្រួសារ និងការសង្កេតជាក់ស្តែង ដោយបានកំណត់អត្តសញ្ញាណគ្រួសារចំនួន ៤១៥ ដែលត្រូវការជំនួយបន្ទាន់។ អាទិភាពត្រូវបានផ្តល់ទៅឱ្យគ្រួសារដែលងាយរងគ្រោះបំផុតដែលមានបណ្ណសមធម៌ (ប័ណ្ណក្រីក្រ បណ្ណជនមានពិការភាព និងបណ្ណចាស់ជរា) ស្ត្រីមេម៉ាយ និងគ្រួសារដែលប្រឈមនឹងភាពងាយរងគ្រោះខ្លាំង ដូចជាអ្នកដែលមានផ្ទះខូចខាតដោយសារសង្គ្រាម ដីស្រែដែលមិនអាចប្រើប្រាស់បានដោយសារតែការគំរាមកំហែងពីយោធាថៃ ការបាត់បង់ប្រាក់ចំណូល កង្វះមធ្យោបាយធ្វើដំណើរ លទ្ធភាពទទួលបានសេវាសាធារណៈមានកម្រិត និងសមាជិកដែលមានផ្ទុកវីរុសអេដស៍ជាដើម។


ការវាយតម្លៃបានបង្ហាញពីការបាត់បង់ទ្រព្យសម្បត្តិ និងដីស្រែចំការជាច្រើន ការរំខានដល់ជីវភាពរស់នៅធ្ងន់ធ្ងរ ការទទួលបានសេវាសំខាន់ៗមានកម្រិត និងអនាម័យមិនល្អក្នុងចំណោមគ្រួសារដែលរងផលប៉ះពាល់។ ក្នុងចំណោមគ្រួសារទាំង ៤៩៩ គ្រួសារ ដែលបានសម្ភាសន៍ មានគ្រួសារចំនួន ១៣៨ ដែលបានបាត់បង់ការងារធ្វើ ដែលភាគច្រើនធ្លាប់ធ្វើការជាកម្មករ។ ទន្ទឹមនឹងនេះផងដែរ គ្រួសារចំនួន ៣៦១ បានបញ្ជាក់ថាមានការងារធ្វើមិនស្ថិតស្ថេរ ឬមិនទៀងទាត់។


នៅថ្ងៃទី២ និង ទី៣ ខែតុលា ឆ្នាំ ២០២៥ នេះ ក្រុមការងារអង្គការក្រុមទ្រទ្រង់ភូមិ និងអង្គការអុកស្វាម បានផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់ដោយផ្ទាល់ដល់គ្រួសារដែលខ្វះខាតចំនួន ២០០ គ្រួសារ។ គ្រួសារដែលបានកំណត់អាទិភាពផ្សេងទៀតត្រូវបានគាំទ្រដោយស្ថាប័នផ្សេង។ ក្នុងចំណោមគ្រួសារទាំង ២០០ គ្រួសារនេះ មានស្ត្រី ៤៩% កុមារ៦៨% ចាស់ជរា១៤% និងជនមានពិការភាព១០% ដែលប្រឈមនឹងបញ្ហាចល័តចុះឡើង កង្វះលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់។ គ្រួសារនីមួយៗទទួលបានសាច់ប្រាក់ចំនួន ៥០ដុល្លារអាមេរិក ដើម្បីជួយសំរាលដល់ការចំណាយប្រចាំថ្ងៃ បង្កើនស្ថិរភាពជីវភាព និងចាប់ផ្តើមកសាងជីវិតឡើងវិញ។


កម្មវិធីផ្ទេរសាច់ប្រាក់នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ក្នុងការជួយដល់ពលរដ្ឋភៀសសឹកជាពិសេសជនងាយរងគ្រោះ។ នៅចុងខែកក្កដា ឆ្នាំ ២០២៥ ខណៈដែលសហគមន៍កំពុងប្រមូលផ្តុំនៅជំរុំជនភៀសសឹក អង្គការអុកស្វាម និងអង្គការក្រុមទ្រទ្រង់ភូមិបានដំឡើងបង្គន់ចល័តចំនួន១៣ និងប្រព័ន្ធចម្រោះទឹកស្អាតចំនួនពីរនៅជុំរំវត្តភ្នំថ្មកំបោរ និងវត្តបាត់ថ្កូវ ក្នុងខេត្តឧត្តរមានជ័យ។ គ្រឿងបរិក្ខារទាំងនេះបានជួយដល់ប្រជាពលរដ្ឋភៀសសឹកនៅទីនោះចំនួន ៧.៤៣១ គ្រួសារ ដែលសរុបចំនួន ២៥.២៨១នាក់៕

រូបភាព៖ អង្គការអុកស្វាម

ព័ត៌មានទាក់ទង

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករមិនទាន់មានការងារធ្វើចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការ​ងារធ្វើភ្លាមៗ អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍ ១២៣០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារក្នុងស្រុក ទាំងការងារប្រព័ន្ធ និងក្រៅប្រព័ន្ធ ជីប ម៉ុង គ្រោងបោះទុនវិនិយោគប្រមាណពី១០០ ទៅ២០០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍ ក្នុងវិស័យកសិកម្មឱ្យកាន់តែខ្លាំង សមាគមអតីតយុទ្ធជនកម្ពុជា នឹងត្រូវផ្លាស់ប្តូរទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិញ ពិព័រណ៍ផលិតផលខ្មែរបានទាក់ទាញអ្នកមកចូលរួមយ៉ាងច្រើនកុះករ ខណៈផលិតផលខ្មែររាប់រយមុខត្រូវបានដាក់តាំងបង្ហាញ អគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការហើយ សហគមន៍កសិកម្មចំនួន ៣២ ក្នុងខេត្តព្រះវិហារ ចុះកិច្ចសន្យាកសិកម្មក្នុងការទិញ-លក់ ស្រូវ និងដំឡូងមីសរីរាង្គ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម