ដោយ៖ វិចិត្រ
ជាថ្មីម្តងទៀត អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ភាគីថៃ ឱ្យបង្ហាញសុឆន្ទៈក្នុងការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់ ដោយប្រើយន្តការទ្វេភាគីដែលមានស្រាប់ រួមមាន JBC-GBC-RBC និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។ មានតែវិធីនេះតែមួយគត់ដែលអាចឈានទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រកបដោយនិរន្តរភាព និងភាពសុខសាន្តយូរអង្វែង។
តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា ម្តងហើយម្តងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីថៃគ្រប់លំដាប់ថ្នាក់តែងតែនិយាយបំផ្លើសបំភ្លៃកាឡៃការពិតអំពី បញ្ហាព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដោយបានចោទកម្ពុជាថា ជាអ្នកបាញ់មុន ជាអ្នករំលោភបទឈប់បាញ់ ជាអ្នកឈ្លានពានទឹកដីថៃ ជាអ្នកគំរាមកំហែងដល់ សន្តិសុខជាតិថៃ ជាអាទិ៍ ហើយបានដើរតួជាជនរងគ្រោះទៅវិញ ខណៈដែលកម្ពុជាទៅវិញទេដែលជាអ្នករងគ្រោះ ពិតប្រាកដ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាថា ជាក់ស្តែង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ប្រមុខរដ្ឋាភិបាលថៃ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន ជាច្រើនក្នុងប្រទេសថៃថា «ថៃជាភាគីដែលរងការរំលោភបំពាន និងរងគ្រោះ” ហើយបានដាក់លក្ខខណ្ឌឱ្យកម្ពុជា ជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីភូមិឋាន ដែលពួកគេបានរស់នៅកាន់កាប់ និងអាស្រ័យផលជាយូរមកហើយ ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលថៃ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង រដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនឈ្លានពានទឹកដីប្រទេសជិតខាង សូម្បីតែមួយមីល្លីម៉ែត្រឡើយ និងរក្សាសិទ្ធិត្រឹមតែការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់ជាតិ និងអន្តរជាតិតែប៉ុណ្ណោះ។
ក្នុងនោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ។ ក្នុងន័យនេះហើយ ដែលរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់យកនូវការអត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបំពាននានា ដែលភាគីថៃបាន និងកំពុងបង្កឡើងនៅក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់៕
10-តុលា-2025 - ម៉ោង 11:27:AM
09-តុលា-2025 - ម៉ោង 03:35:PM
08-តុលា-2025 - ម៉ោង 10:27:AM
06-តុលា-2025 - ម៉ោង 02:50:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា