ដោយ៖ វិចិត្រ
ខណៈមានការតវ៉ាពីសំណាក់រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ចំពោះការសាងសង់ជម្រកបណ្តុះអាសន្ន ឈូសឆាយតំបន់ជុំវិញ ហើយបានដឹកនាំប្រជាពលរដ្ឋខ្មែរទៅប្រមូលផ្តុំនៅតំបន់ដែលទាមទារនៅចំណុច TA ៥២១២៣០ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យអភិបាលខេត្តស្រះកែវ នៃប្រទេសថៃ អត់ធ្មត់ និងរង់ចាំការដោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ធ្វើការបញ្ចប់លើការងារខណ្ឌសីមាព្រំដែន ហើយនៅក្នុងអំឡុងពេលរង់ចាំនេះ ឯកឧត្តម អ៊ុំ រាត្រា ក៏បានស្នើឱ្យអភិបាលខេត្តស្រះកែវ ចូលរួមសហការក្នុងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដើម្បីជៀសវាងបង្កើតភាពតានតឹង និងផលប៉ះពាល់ជាអវិជ្ជមានរបស់ភាគីទាំងពីរ។
នៅក្នុងលិខិតដែលបានឆ្លើយតបទៅកាន់អភិបាលខេត្តស្រះកែវ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទីតាំងខាងលើនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយមុនការចូលជាធរមាននៃ MOU ឆ្នាំ ២០០០។
ក្នុងន័យនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា ជម្រកបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះក្នុងពេលមានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។
ចំណែកឯសកម្មភាពប្រមូលផ្តុំរបស់ប្រជាពលរដ្ឋខ្មែរនៅតំបន់ខាងលើ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ទៅកាន់អភិបាលខេត្តស្រះកែវថា គឺពួកគាត់ធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ពួកកាត់តែប៉ុណ្ណោះ។
បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើនេះ គឺជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និងដាក់កង់ឡាន ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំងខាងលើ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និងការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីឯកភាពគ្នាកន្លងមក។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ថារដ្ឋបាលខេត្តទាំងពីរ មិនមានសមត្ថកិច្ចកំណត់ព្រំដែនក្នុងតំបន់មិនទាន់មានការខណ្ឌសីមាព្រំដែនរួចរាល់នោះទេ។ យោងតាម MOU ឆ្នាំ ២០០០, កំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងសងខាងបានឯកភាពរក្សាស្ថានភាពដដែល រហូតដល់ការងារខណ្ឌសីមាព្រំដែនត្រូវបានបញ្ចប់។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីការរក្សាជំហររបស់ខ្លួនក្នុងការគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាង ប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំJBC ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់JBC។ រដ្ឋបាលខេត្តទាំងពីរ បន្តសម្របសម្រួលជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាព ដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង៕
10-តុលា-2025 - ម៉ោង 11:27:AM
09-តុលា-2025 - ម៉ោង 03:35:PM
08-តុលា-2025 - ម៉ោង 10:27:AM
06-តុលា-2025 - ម៉ោង 02:50:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា