ដោយ៖ វិចិត្រ
ឆ្លើយតបទៅកាន់ភាគីថៃ មេភូមិភាគទី៥កម្ពុជាថា កិច្ចប្រជុំថ្នាក់យោធភូមិភាគ (RBC) គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែមិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ។
នៅក្នុងលិខិតឆ្លើយតបនោះបានឱ្យដឹងថា «ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលភាគីកងទ័ពភូមិភាគទី១ បានដាក់ស្នើមក គឺត្រូវអនុវត្តន៍ ទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ពិសេសក្នុងចំណុចទី៨ នៃកំណត់ហេតុកិច្ចប្រជុំដែលបានប្រគល់ភារកិច្ចឱ្យ JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយ។»
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានទទួលលិខិតឆ្លើយតបពីកងទ័ពភូមិភាគទី១ ដោយខ្លឹមសារបញ្ជាក់ថា លុះត្រាតែយោធភូមិភាគទី៥ រៀបចំផែនការជម្លៀសប្រជាជនកម្ពុជា ដែលស្ថិតនៅក្នុងតំបន់ឈមបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាផាក់យ៉ា ស្រុកតាផាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ដោយផ្ញើផែនការជម្លៀសប្រជាជននេះ មកកងទ័ពភូមិភាគទី១នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥សិន ទើបភាគីកងទ័ពភូមិភាគទី១ យល់ព្រមចូលរួមការប្រជុំតាមសំណើខាងលើ។
កិច្ចប្រជុំថ្នាក់យោធភូមិភាគ រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ គ្រោងនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ខាងមុខនេះ នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ គឺជាការអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី ២២ ខែសីហាឆ្នាំ២០២៥។
ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថានៅកន្លែងខ្លះក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ ដែលបញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និងការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីបានឯកភាពគ្នាកន្លងមក។ កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃ កិច្ចប្រជុំJBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃធ្វើសកម្មភាពហួសបង្គោលព្រំដែនមួយចំនួនផង)។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ចប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ។ នេះបើតាមការបញ្ជាក់នៅក្នុងលិខិតរបស់យោធភូមិភាគទី៥របស់កម្ពុជា ដែលឆ្លើយតបទៅកាន់យោធភូមិភាគទី១របស់ថៃ ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥។
ជាមួយគ្នានេះ យោធភូមិភាគទី៥របស់កម្ពុជា បានស្នើសុំឱ្យគោរពយ៉ាងខ្ជាប់ខ្ជួននូវអ្វីដែលភាគីទាំងពីរ កម្ពុជា-ថៃ បានព្រមព្រៀងគ្នា កន្លងមកក្នុងកិច្ចប្រជុំ GBC ហើយកម្ពុជាក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេសតាមរយៈការបញ្ចៀសរាល់សកម្មភាពទាំងឡាយ ដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្តរបស់គណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ៕
06-តុលា-2025 - ម៉ោង 02:50:PM
06-តុលា-2025 - ម៉ោង 12:03:PM
05-តុលា-2025 - ម៉ោង 01:24:PM
04-តុលា-2025 - ម៉ោង 03:36:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា