សារព័ត៌មានបៃតងប៉ុស្តិ៍

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់

08-តុលា-2025 - ម៉ោង 04:20:PM

ដោយ៖ វិចិត្រ

 

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នមេប៉ុស្តិ៍ពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបង្កឱ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយការសាកសួរ និងពិនិត្យភស្តុតាង។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។

 

សេចក្តីប្រកាសព័ត៌មាន “បន្ទាប់ពីបានបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ ក្រោយពីបានសួរយកចម្លើយតាមនីតិវិធីច្បាប់ជាធរមាន និងការពិនិត្យកស្តុតាង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទខាងលើនេះ នៅពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។”

 

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១៨១១ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង ត្រូវបានចោទប្រកាន់ពីបទ ឃាតកម្ម ប្រព្រឹត្តនៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទី បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

 

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទីយប់ នៅលើផ្លូវបេតុង ស្ថិតនៅភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីផ្ទះអាវុធចំនួន ១ (មួយ) គ្រាប់ ដែលបង្កើតឡើងដោយជនត្រូវចោទខាងលើនេះ បានបណ្តាលឱ្យជនរងគ្រោះឈ្មោះ ផាន ផាយុ ស្លាប់បាត់បង់ជីវិត។ ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងកាំភ្លើង AK47 រួចកសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពងស្ពឺ ហើយត្រូវបានតំណាងអយ្យការសម្រេចបញ្ជូនមកចៅក្រមស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៣៦៦ អ.យ/២៥ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

 

បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ អំពើរបស់ជនត្រូវចោទខាងលើនេះ គឺជាបទ “ឃាតកម្ម” ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ៕

 

ព័ត៌មានទាក់ទង

៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើង ជាង៣០០នាក់ បញ្ជូនទៅតុលាការ និងពន្ធនាគារ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យស្នងការនគរបាលរាជធានី-ខេត្ត បង្ក្រាបក្មេងទំនើងឱ្យ​បាន​លឿន និងត្រូវស្រាវជ្រាវមិនលើសពី៤៨ម៉ោង ក្រុមសង្គមស៊ីវិល និងសហជីពជម្រុញឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាC-១៩០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ដែលបង្កឱ្យយុវជនម្នាក់ស្លាប់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញជាង ១ម៉ឺននាក់ នគរបាលជាតិបង្ក្រាបករណីផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ នៅខេត្តព្រៃវែង និងបាន ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ សមត្ថកិច្ចបង្ក្រាបក្រុមក្មេងទំនើងជាង ១០០នាក់ ក្នុងអំឡុងពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ព្រះមហាក្សត្រ ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម