សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់គន្លឹះពីរចំនុចដើម្បីជម្រុញឱ្យវិស័យស្រូវ អង្ករកម្ពុជា កាន់តែទទួលជោគជ័យ

13-មិនា-2024 - ម៉ោង 03:04:PM

អត្ថបទ៖ យូ វាសនា.RP11

ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “ដំណើរការរៀបចំបង្កើតយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា” នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍អំពីអត្ថប្រយោជន៍នានា ដែលនឹងទទួលបានពីយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្ត្រនាំចេញអង្ករ និងពិពិធកម្មទីផ្សារឆ្នាំ២០២៤-២០៣០ នឹងក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មដែលជាសេនាធិការ ដើម្បីធ្វើពិពិធកម្មទីផ្សារ និងបង្កើនការនាំចេញអង្ករ តាមរយៈផលិតកម្មផ្អែកលើទីផ្សារ និងប្រព័ន្ធទីផ្សារទូទាំងពិភពលោក។

 

លោកស្រីបន្តថា យុទ្ធសាស្ត្រនេះគឺដើរស្របគ្នាទៅនឹងការងារជាអាទិភាពសំខាន់ៗដូចដែលបានឆ្លុះបញ្ចាំង​​នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលនយោបាយជាតិផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០ ផងដែរ។

 

លោកស្រី បន្ថែមថា ដើម្បីជម្រុញឱ្យវិស័យស្រូវអង្កររបស់កម្ពុជា កាន់តែទទួលបានជោគជ័យបន្ថែមទៀត ចាំបាច់ត្រូវមានគន្លឹះសំខាន់ចំនួនពីរ៖

ទី១. ការការពារម៉ាក និងកម្មសិទ្ធិបញ្ញា ជាពិសេសការកសាងម៉ាកសមូហភាព

ទី២. ការពង្រឹងគុណភាពអង្ករកម្ពុជា ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់ ជាដើម។ នេះជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះមានគោលបំណងដើម្បីជំរុញការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលមានលក្ខណៈប្រកួតប្រជែង ព្រមទាំងអាចឈានដល់កម្រិតអតិបរមាដោយផ្អែកលើប្រព័ន្ធផលិតកម្ម និងកាលានុវត្តភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន។

 

យ៉ាងណាលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តឱ្យសិក្ខាកាម និងតួអង្គពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការសិក្សាស្វែងយល់ និងពិភាក្សាឱ្យបានស៊ីជម្រៅអំពីដំណើរការនៃការរៀបចំបង្កើតយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារអង្ករកម្ពុជា ផុសផុល ដើម្បីជម្រុញឱ្យវិស័យស្រូវអង្កររបស់កម្ពុជាកាន់តែរីកចម្រើន ប្រកបចីរភាព។

 

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩០,១៥៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤០ក្រុមហ៊ុន ទៅកាន់គោលដៅទាំង៥០ រួមមានទៅកាន់      បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ៥១,៣៣៣តោន គិតជាទឹកប្រាក់ចំនួន៣៨,៣៧លានដុល្លាទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១៨,៧៥៣តោន គិតជាទឹកប្រាក់ ១៣.៣៦ លានដុល្លារ ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ១១០៨៣ តោន គិតជាទឹកប្រាក់ ៦.៨១លានដុល្លារ និងទៅកាន់គោលដៅ១៣ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៨,៩៨៤ តោន គិតជាទឹកប្រាក់ចំនួន ៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៨៤.៧២% ប្រភេទអង្ករ សធម្មតា ១១.៥៣% អង្ករចំហ៊ុយ ២.១៧ % និង អង្ករសរីរាង្គចំនួន ១.៧០% ។

 

យោងតាមទិន្នន័យរបស់គេហទំព័រអាល្លឺម៉ង់ Statista បានបង្ហាញថា ប្រទេសកម្ពុជា ឈរនៅចំណាត់ថ្នាក់ទី១០ ក្នុងចំណោមប្រទេសដែលផលិតអង្ករច្រើនជាងគេក្នុងពិភពលោក នៅឆ្នាំ២០២៣ ដោយផលិតអង្ករបានចំនួន ៥.៩៣លានតោន ខណៈប្រទេសចិនឈរលំដាប់ថ្នាក់លេខ១ ដែលផលិតអង្ករបាន ១៤៥.៩៥ លានតោន និងឥណ្ឌាឈរលំដាប់ថ្នាក់លេខ២ ដែលផលិតបាន ១៣៥.៧៦ លានតោន ក្រៅពីនោះ ប្រទេសបង់ក្លាដេស ឥណ្ឌូនេស៊ី វៀតណាម ថៃ ហ្វីលីពីន មីយ៉ាន់ម៉ា និងជប៉ុន ឈរនៅចំណាត់ថ្នាក់បន្តបន្ទាប់ពីចំណាត់ថ្នាក់ទី៣ ដល់ទី៩។

 

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៦៥៦ ៣២៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹប្រាក់បានចំនួនជាង៤៦៦លានដុល្លារ៕

 

ព័ត៌មានទាក់ទង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធីអាកាសធាតុក្នុងឆ្នាំ២០២៥ ដល់កម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម