សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍

5 ម៉ោងមុន

អត្ថបទ៖ វិចិត្រ

 

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ គោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិមនុស្សជាសកល។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការ នៅថ្ងៃពុធម្សិលមិញនេះ។

 

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារបែបនេះ គឺធ្វើឡើងនៅក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា ដើម្បីពង្រឹងលើវិស័យការងារ ជាពិសេសពលករទេសន្តរប្រវេសន៍នៅកម្ពុជា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ពលករទេសន្តរប្រវេសន៍មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសរបស់ខ្លួននោះទេ ប៉ុន្ដែប្រទេសដែលទទួលបានពលករទេសន្តរប្រវេសន៍ក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើនផងដែរ។

 

ឯកឧត្តមបរដ្ឋមន្ត្រី ហេង សួរ បញ្ជាក់យ៉ាងដូច្នេះថា៖«សូមដៃគូអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ ផ្ដល់ភាពកក់ក្ដៅ ផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍ ហើយយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្តរបស់ពលករទេសន្តរប្រវេសន៍ ថាតើពួកគាត់មានបំណងចង់ស្នាក់នៅ ឬក៏ពួកគាត់ចង់ចាកចេញពីសាមីប្រទេសនោះ។ ដូចនេះក្នុងនាមរាជរដ្ឋាភិបាល យើងត្រូវតែការពារ និងគោរពសិទ្ធិសេរីភាពរបស់ពួកគាត់ឱ្យបានពេញលេញ ហើយយើងមិនគួរប្រើប្រាស់សកម្មភាពខុសច្បាប់ណាមួយរារាំងការមកប្រទេសកំណើតពួកគាត់វិញនោះទេ»។

 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនឆ្នាំមកហើយ ដូច្នេះកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើការគោរពសិទ្ធិសេរីភាពពលករទេសន្តរប្រវេសន៍។ បើទោះបីជាកម្ពុជាកំពុងមមាញឹកក្នុងការគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃក៏ដោយ ប៉ុន្ដែនៅតែផ្ដោតសំខាន់លើបេសកកម្មតាមរយៈគោលនយោបាយរបស់ក្រសួង និងរាជរដ្ឋាភិបាល។

 

ចំណែកលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជាបានកត់សម្គាល់ឃើញថា កម្ពុជាខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការយកចិត្តទុកដាក់លើពលករទេសន្តរប្រវេសន៍ និងរៀបចំគោលនយោបាយជាច្រើន ដើម្បីគាំពារ ផ្ដល់អត្ថប្រយោជន៍ និងការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា។

 

លោកស្រីបញ្ជាក់ថា លោកស្រីមានការរំភើបរីករាយក្នុងការសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធផ្សេងៗទៀតក្នុងការគាំពារ និងការគោរពសិទ្ធិពលករទេសន្តរប្រវេសន៍នៅកម្ពុជា ដោយមិនមានការរើសអើង មិនថាពួកគាត់មកពីប្រទេសណា ឬមកពីតំបន់ណានោះទេ៕

 

 

ព័ត៌មានទាក់ទង

មូលនិធិជាតិជំនួយសង្គមរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់គ្រប់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធគោរពសិទ្ធិសេរីភាព និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗដែលជាភាពចាំបាច់របស់ពលករទេសន្តរប្រវេសន៍  ពលករខ្មែរសម្រុកវិលចូលប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត អាជ្ញាធរកម្ពុជា-ថៃ កំពុងស្វះស្វែងរកដំណោះស្រាយ ករណីពលរដ្ឋទាំងសងខាងជាប់គាំងនៅច្រកប៉ោយប៉ែត ក្រសួងការងារដាក់ពង្រាយមន្ត្រីនៅតាមច្រកព្រំដែននានារវាងកម្ពុជា-ថៃ ដើម្បីជួយសម្រួលដល់ពលករខ្មែរវិលត្រលប់មកកម្ពុជាវិញ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្យុហយាត្រាសាមគ្គីភាព មន្រ្តីជំនាញក្រសួងការងារ បានចុះទៅដល់ និងកំពុងប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃនីមួយៗដើម្បីរង់ចាំទទួល ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​»
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម