អត្ថបទ៖ វិចិត្រ
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ឱ្យដឹងថា កត្តាពូជ និងបច្ចេកទេស បានធ្វើឱ្យកសិករនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រមាណ៨០០គ្រួសារ ជួបបញ្ហាទីផ្សារ ហើយក្រសួងនឹងជួយសម្រួលពេលដែលពួកគាត់ចូលរួមនៅក្នុងសហគមន៍កសិកម្មទំនើប។ ការលើកឡើងបែបនេះគឺធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ជួបជាមួយកសិករប្រមាណ១០០គ្រួសារ នៅក្នុងឃុំនេះ ដើម្បីពន្យល់អំពីអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើប កាលពីពេលកន្លងទៅថ្មីៗនេះ។
ឯកឧត្តម ឃឹម ហ្វីណង់ ដែលជាអ្នកនាំពាក្យក្រសួងផងនោះថ្លែងឱ្យដឹងថា កសិករនៅក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រមាណជា៨០០គ្រួសារ(៧៨០គ្រួសារ)កំពុងប្រកបរបរដាំដំណាំស្វាយចន្ទី នៅលើផ្ទៃដីជាង៣០០០ហិកតា។ បើតាមឯកឧត្តម ឃឹម ហ្វីណង់ឱ្យដឹងបន្ថែមទៀតនោះអ្វីដែលគួរឱ្យកត់សម្គាល់ចន្ទីនៅតំបន់នោះភាគច្រើនកសិករប្រើប្រាស់ពូជប្រពៃណី ហើយដាំតាមយថាផលដែលនាំឱ្យទិន្នផលប្រចាំឆ្នាំទទួលបានទាប។
ឯកឧត្តម ឃឹម ហ្វីណង់ ថ្លែងយ៉ាងដូច្នេះថា«រៀងរាល់ឆ្នាំនៅពេលទីផ្សារគេបានតម្លៃល្អ ជួនកាលគាត់ត្រូវបានគេបង្អាប់ថ្លៃ ដោយសារតែគាត់ប្រើពូជប្រពៃណី គ្រាប់តូច ហើយមិនសូវមានការពេញនិយមពីទីផ្សារ។ គាត់ក៏ជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងរឿងទិន្នផលដែរដោយសារតែការដាំដុះនៅទីនេះភាគច្រើនគឺចេញពីការដាំលក្ខណៈយថាផល មិនបានផ្តោតយកចិត្តទុកដាក់ទៅលើការទទួលបានផលសេដ្ឋកិច្ចអំពីការដាំដុះរបស់គាត់ទេ»។
ឯកឧត្តម ឃឹម ហ្វីណង់ ថ្លែងគូសបញ្ជាក់ថា បញ្ហារបស់កសិករនៅក្នុងឃុំនេះគឺនៅត្រង់កត្តាពូជ និងបញ្ហាបច្ចេកទេស ពោលគឺដាំដុះមិនបានគិតពីស្តង់ដាបច្ចេកទេសត្រឹមត្រូវដោយពួកគាត់ដាំក្នុង១ហិកតារហូតទៅដល់ ៥ ទៅ៦ រយដើម មិនមានការតាក់តែងម៉ែក ខ្វះការថែទាំ និងមិនបានដាក់ជីបន្ថែម ដែលភាគច្រើនពួកគាត់ធ្វើតាមបែបធម្មជាតិ ឬយថាផល ហេតុនេះហើយទើបធ្វើឱ្យពួកគាត់មិនទទួលបាននូវគុណតម្លៃសេដ្ឋកិច្ចច្រើនដូចគេ។
ឯកឧត្តមបន្ថែមទៀតថា បើពួកគាត់ចងក្រងគ្នាទៅជាសហគមន៍កសិកម្មទំនើប ក្រសួងនឹងជួយស្វែងរកទុន និងបច្ចេកទេសជួនពួកគាត់ ហើយបើចាំបាច់ក្នុងការផ្លាស់ប្តូរពូជក្នុងអន្តរកាលណាមួយនោះក្រសួងនឹងជួយទាំងស្រុងតែម្តង ហើយបន្ទាប់មកទៀតនឹងភ្ជាប់ពួកគាត់ទៅកាន់ទីផ្សារ។
តាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ មានសហគមន៍កសិកម្មទំនើបចំនួន១០ហើយ ដែលត្រូវបានបង្កើតឡើងនៅកម្ពុជា ដោយសហគមន៍ទាំងនោះផ្តោតលើដំណាំយុទ្ធសាស្រ្តចំនួន៤ គឺដំណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។ ជាមួយគ្នានេះក្រសួងកសិកម្ម ក៏មានផែនការពង្រីកសហគមន៍កសិកម្មទំនើបចំនួន១០បន្ថែមទៀត នៅក្នុងឆ្នាំ២០២៥ នេះ ទៅលើដំណាំយុទ្ធសាស្រ្តដែលមានស្រាប់៕
7 ម៉ោងមុន
29-មេសា-2025 - ម៉ោង 04:28:PM
28-មេសា-2025 - ម៉ោង 05:57:PM
28-មេសា-2025 - ម៉ោង 04:33:PM