អត្ថបទ៖ វិចិត្រ
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកញ្ញានេះ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានចុះទៅពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារពីសំណាក់កងយោធាថៃមកលើទីតាំងកងទ័ពកម្ពុជា ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលក្រសួងការពារជាតិកម្ពុជាជាអ្នកសម្របសម្រួល។
ការចុះទៅពិនិត្យទីតាំងជាក់ស្តែងនេះធ្វើឡើងមួយថ្ងៃ ក្រោយពេលដែលយោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ កងយោធាថៃបានបើកការវាយប្រហារដោយបានបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងកងទ័ពកម្ពុជា នៅតំបន់អានសេះ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល។ ការវាយប្រហារនេះធ្វើឡើងចំនួន២លើក ដោយលើកទី១ ក្រុមយោធាថៃបានចាប់បាញ់នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទីរសៀល។
តែយ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា កងកម្លាំងរបស់កម្ពុជាមិនបានបាញ់តបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។
ជាមួយគ្នាក្រសួងការពារជាតិកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធពីខាងភាគីថៃ។ មិនតែប៉ុណ្ណោះ ថៃបានធ្វើការចោទប្រកាន់មកលើកម្ពុជាថាជាអ្នកបង្កហេតុមុនដែលនាំទៅដល់ការផ្ទុះអាវុធទៅវិញ ខណៈថៃខ្លួនឯងជាអ្នកបើកការបាញ់ប្រហារមុនមកលើមូលដ្ឋានទ័ពកម្ពុជា ទាំងដែលកម្ពុជាពុំមានការតដៃអ្វីសោះឡើយ។
កម្ពុជាចាត់ទុកសកម្មភាពទាំងអស់នេះរបស់ថៃថាអាចនឹងប៉ះពាល់ទៅដល់ការគោរព និងការអនុវត្តបទឈប់បាញ់ ព្រមទាំងធ្វើឱ្យស្ថានភាពរឹតតែតានតឹង និងស្មុគស្មាញ។ ក្នុងន័យនេះ កម្ពុជាស្នើឱ្យភាគីទាំងពីរអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត សំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផង និងដល់សាធារណជនជាតិ និងអន្តរជាតិផង៕
ម្សិលមិញ ម៉ោង 02:00:PM
26-កញ្ជា-2025 - ម៉ោង 10:50:AM
23-កញ្ជា-2025 - ម៉ោង 10:17:PM
18-កញ្ជា-2025 - ម៉ោង 05:17:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា