អត្ថបទ៖ វិចិត្រ
សាលារៀនជាង៣រយទីតាំង និងមន្ទីរពេទ្យជាង១០កន្លែង ស្ថិតក្នុងខេត្តចំនួន២ ដែលនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈា្លនពានពីសំណាក់ប្រទេសថៃមកលើប្រទេសកម្ពុជា នៅបន្តបិទទ្វារ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានថ្លែងថា សាលារៀននៅក្នុងខេត្តឧត្តរមានជ័យចំនួន២៦០ទីតាំង នៅបន្តបិទទ្វារ ខណៈពលរដ្ឋដែលបានភៀសខ្លួនចាកចោលភូមិឋានមានចំនួន១០៨០៣គ្រួសារ ស្មើនឹង៣៨៤៤៧នាក់ នៅបន្តស្នាក់នៅទីសុវត្ថិភាពនៅឡើយ។
ដោយឡែកនៅខេត្តព្រះវិហារដែលជាខេត្តមួយទទួលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃដែរនោះ មានសាលាចំនួន៩៧ និងមន្ទីរពេទ្យចំនួន១៣កន្លែង នៅក្នុង២ស្រុក គឺស្រុកជាំក្សាន្ត និងស្រុកគូលែន ក៏មិនទាន់អាចបើកទ្វារបានដែរ។ ចំពោះពលរដ្ឋនៅក្នុងខេត្តនេះបានជម្លៀសខ្លួនគេចចេញពីសង្គ្រាមមានចំនួនសរុប ៣២ ៥៥៨ នាក់ ហើយក៏កំពុងតែស្នាក់នៅទីសុវត្ថិភាពដែលអាជ្ញាធរខេត្តបានរៀបចំចំនួន១៥ទីតាំងផ្សេងៗគ្នា។
របាយការណ៍របស់ក្រសួងការពារជាតិបានឱ្យដឹងថា ជនភៀសសឹកសរុបទាំង៥ខេត្ត ដែលរងផលប៉ះពាល់មានការកើនឡើងរហូតដល់ ១៧២ ០៩៤ នាក់ ដែលចំនួននេះគិតត្រៀមវេលាម៉ោង ០៥:៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។
ក្រោយពីសង្គ្រាមរយៈពេល៤ថ្ងៃដែលបង្កឡើងដោយខាងយោធាថៃ ក៏មានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ដើម្បីឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដោយមានការជ្រោមជ្រែងពីសំណាក់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រទេសចិនផងដែរ៕
29-សីហា-2025 - ម៉ោង 11:58:AM
29-សីហា-2025 - ម៉ោង 09:11:AM
28-សីហា-2025 - ម៉ោង 03:16:PM
27-សីហា-2025 - ម៉ោង 11:27:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា