សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ភាគីកម្មករនិយោជិត និងភាគីនិយោជក ឯកភាពគ្នាទុកឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងអន្តរាគមន៍លើប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦

10-កញ្ជា-2025 - ម៉ោង 04:04:PM

អត្ថបទ៖ កែវ រតនៈ

នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។

ក្រោយបញ្ចប់កិច្ចប្រជុំឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់អ្នកសារព័ត៌មានថា ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់ សហរដ្ឋអាមេរិក និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នា ជាឯកច្ឆ័ន្ទមិនលើកនូវសំណើរតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយ ដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្ដែងរបស់កម្ពុជា។

ឯកឧត្តមបន្តថា តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពរួមគ្នាលើកយកសំណូមពរចំនួន ៣ចំណុច ជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអន្តរាគមន៍។ ហើយអង្គប្រជុំបានឯកភាពគ្នា កំណត់កាលបរិច្ឆេទ នៃកិច្ចប្រជុំត្រីភាគីចុងក្រោយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៥:០០នាទី ដើម្បីបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

លោក គឹ​ម ចាន់​សំណាង ប្រធាន​សភា​សម្ព័ន្ធ​សហជីព​កម្ពុជា មានប្រសាសន៍ថា​ មុនពេលសម្រេចថាលើកយកបញ្ហាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ ជូនប្រមុខរាជរដ្ឋាភិបាលជាអ្នកសម្រេចនោះ គឺភាគីនិយោជក និងនិយោជិតបានប្រជុំជាមួយគ្នា ដើម្បីបានដឹងពីបញ្ហាប្រឈមរបស់គ្នាទៅវិញទៅមកជាច្រើនលើកច្រើនសារមកហើយ ម៉្យាងទៀតកម្ពុជាទុកឱកាសឱ្យក្រុមអ្នកវិនិយោកងាកមកបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនខណៈដែលពលករកម្ពុជាបាន និងកំពុងតែត្រឡប់ពីប្រទេសថៃមកកម្ពុជាជាច្រើនផងដែរ។

កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា បានប្រព្រឹត្តទៅចំនួន ២១លើក ក្នុងនោះកិច្ចប្រជុំត្រីភាគី ចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ចំនួន ៣លើក, កិច្ចប្រជុំ​ទ្វេភាគីរវាង តំណាងភាគីរាជរដ្ឋាភិបាលនិងភាគីកម្មករនិយោជិត ចំនួន ១លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីរាជរដ្ឋាភិបាលនិង ភាគីនិយោជក ចំនួន ២លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៧លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ តំណាងភាគីនិយោជក ចំនួន ៥លើក។

ក្នុងកិច្ចប្រជុំប្រាក់ឈ្នួល​អប្ប​បរមា អាណត្ដិទី៤ ស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់  ដេរ ផលិតផល​ស្បែក​ជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ កាលពីថ្ងៃទី៣ ខែកញ្ញា កន្លងទៅ ភាគីនិយោជកស្នើសុំរក្សាប្រាក់ឈ្នួលនៅដដែលពោលគឺ២០៨ដុល្លារ ខណៈភាគីកម្មករ និយោជិត ស្នើសុំដំឡើង១០ដុល្លាបន្ថែម៕

ព័ត៌មានទាក់ទង

ស្ដង់ប្រមាណ៤០០នឹងបង្ហាញពីផលិតផលកសិកម្ម  ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា CAFE25 ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តសៀមរាប រៀបចំពិព័រណ៍ការងារ នាចុងសប្ដាហ៍នេះ ដើម្បីបង្កើតឱកាសបានការងារធ្វើភ្លាមៗ CCFC រៀបចំយុទ្ធនាការ ១៦ ថ្ងៃ “ពង្រឹងភាពអង់អាចស្ត្រីជនបទ និងយុវកសិករដើម្បីប្រព័ន្ធស្បៀង” រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវនាវឱ្យមានការគំាទ្រការកែច្នៃ ផលិតផលវិស័យជលផល ឱ្យកាន់តែមានភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ផលិតផលខ្មែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ Farmbook App មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះអង្កេតត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍នេសាទ ក្នុងខេត្តចំនួនពីរ ពិព័រណ៍ការងារ ៣កន្លែងផ្សេងគ្នានឹងត្រូវធ្វើខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករមិនទាន់មានការងារធ្វើចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការ​ងារធ្វើភ្លាមៗ អង្គការអុកស្វាម ផ្តល់ជំនួយជាសាច់ប្រាក់សង្គ្រោះបន្ទាន់សម្រាប់គ្រួសារភៀសសឹក ២០០គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម