អត្ថបទ៖ វិចិត្រ
ក្រុមការងារបច្ចេកទេសអន្តរក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច ដឹកនាំដោយក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កំពុងបោះបង្គោលនិយាមកា លើផ្ទៃសមុទ្រខេត្តកែប ដែលជាចំណុចចុងទី នៃគម្រោងព្រែកជីកហ្វូណនតេជោ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកមិញនេះ។
គម្រោងផ្លូវទឹកនេះ ឆ្លងកាត់ខេត្តចំនួន៤ ក្នុងនោះមាន ខេត្តកណ្តាលប្រវែង៥៤គ.ម ខេត្តតាកែវប្រវែង ៦០គ.ម ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង១៧,៥ គ.ម ហើយត្រូវបានរចនាឡើងដើម្បីផ្ទុកនាវាដែលមានទម្ងន់រហូតដល់ ៣ ០០០ DWT។
អ្នកនាំពាក្យរូបនេះឱ្យដឹងដែរថា ដំណើរការបោះបង្គោលព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅចុងសប្តាហ៍នេះ។
ចំពោះការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធគម្រោងនេះរួមមាន ការងារស្តារទន្លេ ការងារជីកប្រឡាយ ការសាងសង់ស្ថានីយជលសាស្ត្រសន្ទះផ្លូវទឹក ការសាងសង់ទំនប់ការពារច្រាំងទន្លេ ការសាងសង់ជម្រាលជើងទេរ និងហេដ្ឋារចនាសម្ព័ន្ធជំនួយដល់វិស័យនាវាចរណ៍ផ្សេងៗទៀត។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពសព្វជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមនូវចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនសុវត្ថិភាពនៃការដឹកជញ្ជូនតាមផ្លូវទឹកផងដែរ។
សូមបញ្ជាក់ថា គម្រោងនេះ ត្រូវបានធ្វើពិធីបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕
29-សីហា-2025 - ម៉ោង 11:58:AM
29-សីហា-2025 - ម៉ោង 09:11:AM
28-សីហា-2025 - ម៉ោង 03:16:PM
27-សីហា-2025 - ម៉ោង 11:27:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា