អត្ថបទ៖ កែវ រតនៈ
តាមបណ្ដាញសង្គមថ្មីៗនេះ បានបង្ហាញពីវីដេអូដែលប្រជាកសិករនៅក្នុងឃុំ ព្រែកតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបងបានដឹកស្រូវមកតម្រាបលើកំណាត់ផ្លូវជាតិលេខ៥ដើម្បីតវ៉ា ដោយអះអាង ថា តម្លៃស្រូវហាក់ធ្លាក់ថ្ងៃខ្លាំងដែលធ្វើឱ្យពួកគាត់ខាតបង់ច្រើន។
ករណីនេះរដ្ឋេលេខាធិការក្រសួងកសិកម្ម រុក្ឋាប្រម៉ាញ់ និងនេសាទ គឺឯកឧត្តម យ៉ង សាំងកុមារ បានប្រាប់បៃតងប៉ុស្តិ៍ថា ស្រូវគឺមានច្រើនប្រភេទ ហើយស្រូវដែលមានបញ្ហា គឺប្រភេទស្រូវOM និង ER ដែលប្រជាកសិករផលិតសម្រាប់នាំចេញទៅប្រទេសវៀតណាម ប៉ុន្តែសម្រាប់ប្រភេទស្រូវសែនក្រអូប ឬស្រូវស្រង៉ែ គឺមិនមានបញ្ហាអ្វីនោះទេ។ ឯកឧត្តមបន្ថែមថា បញ្ហានោះគឺប្រភេទអង្គរដែលផលិតពីស្រូវប្រភេទ OM និង ER នេះប្រទេសមួយចំនួនបានទម្លាក់តម្លៃដូចជាប្រទេសថៃ វៀតណាមដើម្បីប្រកួតប្រជែងទីផ្សារដែលក្នុងនោះវៀតណាមបានទម្លាក់តម្លៃប្រមាណ២០០ដុល្លារសហរដ្ឋអាមេរិកក្នុង១តោន បើធៀបនឹងឆ្នាំមុនធ្វើឱ្យតម្លៃស្រូវក៏ត្រូវចុះថោកតាមផងដែរ។
យ៉ាងនេះក្តីឯកឧត្តម យ៉ង សាំងកុមារបានមានប្រសាសន៍ថា បើទោះជាតម្លៃស្រូវប្រភេទ OM និង ER ហាក់ធ្លាក់ថ្លៃបន្តិចមែនប៉ុន្តែតម្លៃនៅប្រហាក់ប្រហែលតម្លៃកាលពីឆ្នាំ២០២១ និង២០២២នៅឡើយទេខណៈដែលតម្លៃស្រូវទាំង២ប្រភេទនេះ កាលពីឆ្នាំ២០២៣ និង ២០២៤ ហាក់ឡើងថ្លៃជាងធម្មតាដោយសារតែមានការបារម្ភពីភាពរាំងស្ងួតដែលនាំឱ្យខ្វះស្បៀង។
ជាមួយគ្នានេះឯកឧត្តមឱ្យដឹងថា លោកនិងថ្នាក់ដឹកនាំក្រសួងកសិកម្មដែលមានទាំងឯកឧត្តមរដ្ឋមន្ត្រីផងនោះបានចុះទៅដល់ខេត្តបាត់ដំបងដើម្បីស្រាវជ្រាវ និងដោះស្រាយបញ្ហាដែលប្រជាកសិករកំពុងតែជួបប្រទេះ ហើយតាមរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តបាត់ដំបងកំពុងតែប្រមូលទិញស្រូវពីកសិករផងដែរ៕
រូបភាព៖ បណ្ដាញសង្គម
12 ម៉ោងមុន
29-មេសា-2025 - ម៉ោង 04:28:PM
28-មេសា-2025 - ម៉ោង 05:57:PM
28-មេសា-2025 - ម៉ោង 04:33:PM