អត្ថបទ៖ សំនៀង
ក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តន៍គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអគារផ្ការំដួល សាលសែនពិដោរ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងពីលក្ខណៈសម្បត្តិចំនួន៧ នៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលពីមុនធ្លាប់គ្របដណ្តប់លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានពង្រីកវិសាលភាព ការគ្របដណ្តប់លើវិស័យមួយចំនួនថែមទៀតផងដែរ។
ឯកឧត្តមបានលើកឡើងថា លក្ខណៈសម្បតិ្តទាំង៧ រួមមាន ទី១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ទី២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ទី៣៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រី្តនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ទី៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព ទី៦៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង ទី៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” មានសារៈសំខាន់ណាស់ ដើម្បីបញ្ជ្រាបការយល់ដឹង និងបំផុសឱ្យមានការសហការ ចូលរួមគាំទ្រពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ក្នុងគោលបំណងកសាង និងពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាជន កាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត នៅគ្រប់កាលៈ-ទេសៈ ព្រមទាំង លើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋាន និងឈានទៅការបង្កើន ល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកអនុវត្ត ដោយជោគជ័យ នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋលេខាធិការ ស្នើក្រុមការងារ ត្រូវយកចិត្តទុកដាក់ និងទំនាក់ទំនង សហការឱ្យបានល្អជាមួយលេខាធិការដ្ឋានគោល នយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យការអនុវត្តន៍គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ពាក់ព័ន្ធនឹងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យសម្រេចបានជោគជ័យប្រកបដោយភាពជាម្ចាស់ការ ទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់ ស្របតាមបេសកកម្ម តួនាទី និងភារកិច្ច ៕
រូបភាព៖ ក្រសួងកសិកម្ម
02-ឧសភា-2025 - ម៉ោង 01:56:PM
02-ឧសភា-2025 - ម៉ោង 11:48:AM
28-មេសា-2025 - ម៉ោង 10:01:AM
21-មេសា-2025 - ម៉ោង 09:58:AM