សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ”

25-មេសា-2025 - ម៉ោង 10:51:AM

អត្ថបទ៖ សំនៀង

រដ្ឋបាលព្រៃឈើបានច្រើនចោលការចុះផ្សាយរបស់វិទ្យាបារាំងអន្តរជាតិផ្សាយជាខេមរៈភាសាលើចំណងជើង“កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” និងស្នើឱ្យមានការកែតម្រូវឡើងវិញចៀសវាងការភ័ន្តច្រឡំ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសមត្ថកិច្ចវិទ្យាសាស្ត្រសាយតេសកម្ពុជា សម្រាប់ប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ បានឱ្យដឹងថា កន្លងមកពុំមានការណែនាំណាមួយឱ្យផ្អាកការជួញដូរសត្វស្វាពីកម្ពុជា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន នៃអនុសញ្ញ ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (សាយតេស-CITES) ដូចមានចុះផ្សាយ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ របស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានដកស្រង់អត្ថបទចុះផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ របស់សារព័ត៌មានបរទេសមួយឈ្មោះ Mongabay មានខ្លឹមសារថា "កម្ពុជានៅតែបន្តនាំចេញសត្វ ស្វាកន្ទុយវែង ក្នុងចំនួនដ៏ច្រើនទៅទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន អនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ និងរុក្ខជាតិ ហៅកាត់ថា (CITES) បានណែនាំឱ្យ ផ្អាកការជួញដូរសត្វស្វាប្រភេទនេះពីកម្ពុជាក៏ដោយ”។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើបានហៅការចុះផ្សាយអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ថាគឺជាការផ្សាយដោយមិនមានការផ្ទៀងផ្ទាត់ព័ត៌មានច្បាស់លាស់ និងពុំទាន់សមស្របតាមវិជ្ជាជីវៈ។

សេចក្ដីប្រកាសព័ត៌មានបានបន្តទៀតថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ គឺមិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដូចការលើកឡើងនោះឡើយ។

សត្វស្វាក្តាមត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វព្រៃមានដោយបង្គួរនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធII នៃអនុសញ្ញាសាយតេស។ ការចិញ្ចឹម បង្កាត់ពូជ និងធ្វើអាជីវកម្មនាំចេញសត្វស្វាក្តាមរបស់កម្ពុជាបានអនុវត្តត្រឹមត្រូវ អនុលោមតាមនីតិវិធី ច្បាប់ជាតិ លិខិតបទដ្ឋានគតិយុត្ត និងអនុសញ្ញាអន្តរជាតិនានាដែលពាក់ព័ន្ធ រួមទាំងឈរលើគោលការណ៍មនុស្សធម៌ និងសមធម៌។ សត្វស្វាក្តាមមានលក្ខណៈជីវសាស្ត្រ និងក្រុមប្រភេទឈាមស្រដៀងនឹងមនុស្ស ដូចនេះហើយបានជាមានតម្រូវការសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតឱសថ វ៉ាក់សាំង មុននឹងយកមកប្រើប្រាស់លើមនុស្ស។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សេចក្តីប្រកាសព័ត៌មានខាងលើ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះក៏បានបញ្ជាក់ទៀតថា កម្ពុជាជាប្រទេសដែលបានចូលរួមចំណែកក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថ និងវ៉ាក់សាំង ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាតិ និងចូលរួមរក្សាសន្តិសុខសុខភាពសកល តាមរយៈការផ្គត់ផ្គង់សត្វស្វាក្តាម ជាពិសេស នៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (COVID-19) ដែលតម្រូវការសត្វស្វាក្តាមសម្រាប់ពន្លឿនការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការផលិតឱសថ និងវ៉ាក់សាំង មានការកើនឡើងទ្វេដង។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ រដ្ឋបាលព្រៃឈើ ក៏បានស្នើឱ្យវទ្យុបារាំងអន្តរជាតិផ្សាយជាខេមរៈភាសាកែតម្រូវការចុះផ្សាយអត្ថបទរបស់ខ្លួនឡើងវិញ ដើម្បីចៀសវាងការភ័ន្តច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិ៕

ព័ត៌មានទាក់ទង

ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម