អត្ថបទ៖ សហការ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីពធំៗនៅកម្ពុជាដែលមកពីគ្រប់និន្នាការ បានរិះគន់ចំពោះការលើកឡើងរបស់សហជីព និងសង្គមស៊ីវិលខ្លះដែលតែងតែរិះគន់ពីការរឹតត្បិតសិទ្ធិសេរីភាពសហជីព ថាជារឿងបំភ្លៃការពិត និងមិនឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជានោះទេ។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា៖«កម្ពុជាមិនមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពដូចការលើកឡើងនោះទេ ជាក់ស្ដែងកាលពីថ្ងៃទី ១ឧសភាម្សិលមិញ មានសហជីពមកពីគ្រប់និន្នាការ បានប្រារព្ធទិវាពលកម្មអន្តរជាតិបានសម្ដែងមតិ និងកង្វល់របស់ពួកគាត់នៅតាមទីសាធារណៈ ហើយកង្វល់ទាំងអស់នោះ ត្រូវបានក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធទទួលយកមកពិនិត្យផងដែរ»។
ឯកឧត្តមបន្តថា៖«ដូច្នេះការលើកឡើងពីការរឹតត្បិតសេរីភាពសហជីពនោះ គឺជាការបំភ្លៃ និងមិនឆ្លុះបញ្ចាំងពីការតថភាពពិតក្នុងសង្គមកម្ពុជាដែលរាជរដ្ឋាភិបាលគ្រប់អាណត្តិ ជាពិសេសអាណត្តិទី៧នេះបានថែរក្សា និងកសាងលំហរសិទ្ធិសេរីភាពសហជីពស្របតាមច្បាប់កំណត់»។
បន្ថែមពីការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ សហជីពនៅកម្ពុជាដែលបានប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី ១៣៩កាលពីថ្ងៃម្សិលមិញបានមើលឃើញយ៉ាងដូច្នេះដែរ។
បច្ចុប្បន្ននេះនៅកម្ពុជាមានសហជីព និងអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៦០០អង្គភាពដែលកំពុងដំណើរការការងាររបស់ខ្លួនដោយសេរី គ្មានការរឹតត្បិត ឬគ្មានការបំភិតបំភ័យដូចការលើកឡើងដោយក្រុមសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួនដែលតាំងខ្លួនជាអ្នកឯករាជ្យ និងមិនព្រមទទួលស្គាល់វឌ្ឍនភាពពិតនៃសង្គមកម្ពុជាដែលទទួលផលចេញពីម្លប់ដ៏ត្រជាក់នៃសន្តិភាពនោះទេ៕
រូបភាព៖ក្រសួងការងារ
17-មិថុនា-2025 - ម៉ោង 05:07:PM
16-មិថុនា-2025 - ម៉ោង 05:57:PM
13-ឧសភា-2025 - ម៉ោង 10:33:AM
05-ឧសភា-2025 - ម៉ោង 10:58:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា