សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រជាពលរដ្ឋខ្មែរដែលនិយមប្រហុកសម្រុកទិញត្រីដើម្បីធ្វើម្ហូបខ្មែរមួយនេះ ខណៈដែលត្រីចាប់ផ្ដើមសម្បូរម្ដងទៀត

03-មករា-2025 - ម៉ោង 04:43:PM

អត្ថបទ៖ កែវ រតនៈ

រដ្ឋបាលជលផលបានចេញសេចក្តីដោយបញ្ជាក់ថា បន្ទាប់ពីខ្នើត ខែមិគសិរ កាលពីខែធ្នូ ឆ្នាំ ២០២៤មក ត្រីក៏​បន្ត​​បន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ ការណ៍នេះ អំណោយផលដល់ការធ្វើនេសាទត្រីបានច្រើន ជាពិសេស គន្លងដាយត្រីតាមដងទន្លេ សាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ដល់១០ ខែមករា ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

ករណីនេះប្រជាពលរដ្ឋដែលនិយមបរិភោគប្រហុក ផ្អក បាននាំគ្នាសម្រុកទៅទិញត្រីដើម្បីធ្វើម្ហូបខ្មែរមួយនេះ យ៉ាងច្រើននៅតាមបណ្ដោយទន្លេសាបក្នុងស្រុកពញាឮ ខេត្តកណ្ដាល ។

អ្នកស្រី អ៊ិន ពេក មកពីក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានប្រាប់ប៉ៃតងប៉ុស្តិ៍ថា អ្នកស្រីមកទិញត្រីធ្វើប្រហុក​​​​នេះជារៀងរាល់ឆ្នាំ ព្រោះថាប្រហុកគឺជាអាហារដែលអ្នកស្រីមិនអាចខ្វះបានដើម្បីស្លសម្លជាច្រើនមុខ។ អ្នកស្រីបន្តថា អ្នកស្រីបានដឹងដំណឹងពីរដូវកាលត្រីប្រហុកនេះសម្បូរតាមរយៈការតេទូរសព្ទប្រាប់ពីអ្នកភូមិ ដូច​​​​នេះអ្នកស្រីក៏មកទិញត្រីធ្វើប្រហុកនេះដូចរាល់ឆ្នាំ។ អ្វីដែលអ្នកស្រីកត់សម្គាល់នេះ គឺតម្លៃត្រីហាក់ធូថ្លៃជាងមុនពោលគឺអ្នកស្រីទិញក្នុងតម្លៃប្រមាណ១៥០០រៀលក្នុងមួយគីឡូប៉ុណ្ណោះហើយត្រីមានទំហំធំជាងឆ្នាំមុនទៀតផង។

អ្នកស្រី ឆាយ អ៊ីម ដែលមកខេត្តកំពង់ស្ពឺដែរនោះ​បានឱ្យដឹងថា អ្នកស្រីមានតម្រូវការត្រីប្រហុកក្នុងមួយឆ្នាំប្រមាណ​​១០០គីឡូក្រាមដើម្បីទុកហូប និងចែកកូនចៅ ដូចនេះអ្នកស្រីត្រូវតែមកទិញត្រី និងធ្វើប្រហុកទុកដើម្បីផ្គត់ផ្គង់ឱ្យគ្រប់មួយឆ្នាំ។ អ្នកស្រីបន្តថា មានឆ្នាំខ្លះអ្នកស្រីទិញដល់ទៅជាង១០០គីឡូក្រាម ព្រោះតម្រូវ​​ការ​​ច្រើន និងការពារខ្លាចខ្វះខាតពេលដែលត្រូវការប្រើចាំបាច់។

កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

របាយការណ៍សង្ខេបលទ្ធផល​អនុវិស័យ​ជលផលឆ្នាំ២០២៤ របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជា ប្រមូលផលនេសាទនិងវារីវប្បកម្ម បាន​ចំនួន ៩២៦ ៩៣៤​តោន ក្នុង​នោះផលនេសាទទឹកសាប មាន៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រ ១៣៩ ៣១០ តោន និង​ផល​វារីវប្បកម្ម ៣២០ ២៨០តោន ពោលគឺកើនឡើង៦០ ៦៨៤តោន ស្មើ នឹង៧% បើប្រៀបធៀបឆ្នាំ២០២៣ ៕



ព័ត៌មានទាក់ទង

ការកែច្នៃតាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ​ពង្រឹងវិធានការលើអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក រដ្ឋមន្ត្រីកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី អបអរសាទរ​ទិវាភពផែនដី​ ឆ្នាំ២០២៥​ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កត្តាពូជ និងបច្ចេកទេស ធ្វើឱ្យកសិករដាំស្វាយចន្ទីនៅឃុំខ្នងភ្នំប្រមាណ៨០០គ្រួសារជួបបញ្ហាទីផ្សារ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងពិគ្រោះយោបល់ ដើម្បីផ្សព្វផ្សាយពីការបង្កើតសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទី នៅខេត្តប៉ៃលិន រដ្ឋបាលព្រៃឈើ ច្រានចោលការចុះផ្សាយរបស់វិទ្យាបារាំងជាខេមរៈភាសាលើចំណងជើង “កម្ពុជានៅតែបន្តនាំចេញស្វាកន្ទុយវែង ទោះCITESណែនាំឲ្យផ្អាកការជួញដូរ” ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃពីការប្រមូលផលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ​សហ​គមន៍​​កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ​ ចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន ជាមួយក្រុមហ៊ុន Santana Agro Proucts ក្រសួងកសិកម្មចូលរួមប្រកាសបិទព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេ​មេគង្គ» នៅក្នុងខេត្តក្រចេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម