សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ព្រះមហាក្សត្រយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ នៅខេត្តកំពង់ចាម

09-កក្តដា-2025 - ម៉ោង 11:46:AM

អត្ថបទ៖ កែវ រតនៈ

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះ​មហាក្សត្រ​​​នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ ព្រះអង្គបានសព្វ​ព្រះរាជ​ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធ​ព្រះរាជពិធី «រុក្ខ​ទិវា ៩កក្កដា» លើកទី៣០ ដែលរៀបចំឡើងសួនរុក្ខទិវា ស្ថិតក្នុងភូមិ​កសិ​ដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិត​លើត្បូងមានដូចជា​​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តម​ប្រឹក្សាផ្ទាល់ព្រះ​មហា​ក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហា​ប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តម​ប្រឹក្សា​​ផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯក​អគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់​ដឹក​នាំ មន្ត្រីរាជការខេត្ត​កំពង់​ចាម ព្រមទាំងមានការអញ្ជើញចូលរួម​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​ ជា​ច្រើនរូប​ទៀត។

ក្នុងឱកាសនោះ ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងព្រះរាជសុន្ទរកថាដ៏មានខ្លឹមសារថា ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងសត្វព្រៃ ដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីរុក្ខទិវា”​ជា​​ចលនា ជាតិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រលាញ់របស់ព្រះអង្គឱ្យចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើម​ឈើ​នៅទូទាំងប្រទេស ។

«រុក្ខទិវា ៩កក្កដា» ជាមរតក៌កើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះ​ករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ  ១៩៥២ ដែលព្រះអង្គបានបំផុសចលនា​ដាំដើមឈើ ហៅថា រុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូល ទូន្មានដល់​ប្រជា​រាស្រ្តទូទាំងប្រទេស ឱ្យដាំ និងថែរក្សាព្រៃឈើ តកូន តចៅ ដើម្បីឱ្យអាកាសធាតុមាន​ប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ៕

 


ព័ត៌មានទាក់ទង

កម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កញ្ញា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រសួងបរិស្ថានបានរៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេង ពីស៊ីទែនប្រេង ចំនួនបួនដែល បានធ្លាក់ចេញពីរថភ្លើងនៅខេត្តបាត់ដំបង បើទោះជាលុបចោលនូវព្រឹត្តិការណ៍ពិពណ៌កូនឈើ តែក្រសួងបរិស្ថាននៅបន្តចែកកូនឈើជូនដល់ប្រជាពលរដ្ឋដូចដើម ក្រសួងការងារកម្ពុជា អំពាវឱ្យកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នអំពីរលកយកស៊ូណាមិ ក្រសួងបរិស្ថានថា បទល្មើសធនធានធម្មជាតិបង្ក្រាបបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម