សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានថា បទល្មើសធនធានធម្មជាតិបង្ក្រាបបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ

24-កក្តដា-2025 - ម៉ោង 02:04:PM

 

អត្ថបទ៖ វិចិត្រ

 

បទល្មើសធនធានធម្មជាតិត្រូវបានបង្រ្កាប នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានចំនួន ៩៨៦ករណី ដែលទិន្នន័យនេះមានការថយចុះចំនួន ៣៦៨ករណី បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ ដែលមានរហូតដល់១៣៥៤ករណី។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួបរិស្ថាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

 

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ជារួមចំនួនបទល្មើស និងករណីការបង្ក្រាបបទល្មើសនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ មានការថយចុះច្រើន ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ អ្នកនាំពាក្យរូបនេះ បានបន្តថា ការថយចុះករណីបទល្មើស គឺពិតជាកើតឡើង ដោយសារកិច្ចខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងមន្រ្តីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ចូលរួមអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមានជាធរមាន ដើម្បីធានាការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់ការរស់នៅដោយចីរភាព។

 

ក្នុងនោះ ឯកឧត្តម ខ្វៃ អាទិត្យា បន្ថែមថា ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្ស រួមជាមួយអ្នកពាក់ព័ន្ធ បានពង្រឹងសមត្ថភាព និងបានប្រើប្រាស់បច្ចេកវិទ្យាថ្មី រួមមានការប្រើប្រាស់ដូ្រន ការប្រើប្រាស់ផែនទីតំបន់ការពារ និងផែនទីផ្កាយរណប ដែលក្រសួងផ្តល់ជូន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការឆ្លើយតប មានភាពលឿនរហ័ស ច្បាស់លាស់ និងធ្វើការអន្តរាគមន៍ចំគោលដៅ ក្នុងការទប់ស្កាត់បទល្មើស នៅតាមតំបន់ការពារធម្មជាតិ។

 

បើតាមក្រសួងបរិស្ថាន ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រសួង បានរឹបអូសវត្ថុតាង រួមមាន រណាយន្ត ចំនួន៤៥០គ្រឿង គោយន្ត ចំនួន៥៩គ្រឿង រថយន្ត ចំនួន១៥គ្រឿង ម៉ូតូចំនួន៤៥គ្រឿង អេស្ការ ចំនួន៣គ្រឿង និងមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនបទល្មើសមួយចំនួនទៀត។ ជាមួយគ្នានេះដែរ មន្រ្តីឧទ្យានុរក្ស បានដកហូត អន្ទាក់ឆក់ ចំនួន ៤៣២ម៉ និងអន្ទាក់ខ្សែបានចំនួន ១១ ៣៣៦ខ្សែ អាវុធចំនួន ៨ដើម គ្រាប់ចំនួន ១០៨គ្រាប់ និងកាំភ្លើងកែច្នៃ ចំនួន ១២៩ដើម រួមជាមួយវត្ថុចាប់យកមួយចំនួនទៀត។

 

ដោយឡែក ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២៥នេះដែរ សមត្ថកិច្ចក្រសួងបរិស្ថាន បានចាត់ការបញ្ជូនសំណុំរឿងបទល្មើស ទៅតុលាការ បានចំនួន៩១ ករណី និងជនសង្ស័យចំនួន៧២នាក់៕

ព័ត៌មានទាក់ទង

កម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កញ្ញា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រសួងបរិស្ថានបានរៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេង ពីស៊ីទែនប្រេង ចំនួនបួនដែល បានធ្លាក់ចេញពីរថភ្លើងនៅខេត្តបាត់ដំបង បើទោះជាលុបចោលនូវព្រឹត្តិការណ៍ពិពណ៌កូនឈើ តែក្រសួងបរិស្ថាននៅបន្តចែកកូនឈើជូនដល់ប្រជាពលរដ្ឋដូចដើម ក្រសួងការងារកម្ពុជា អំពាវឱ្យកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នអំពីរលកយកស៊ូណាមិ ក្រសួងបរិស្ថានថា បទល្មើសធនធានធម្មជាតិបង្ក្រាបបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម