អត្ថបទ៖ វិចិត្រ
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើធនាគារពិភពលោក ជួយដឹកនាំ និងសម្របសម្រួលក្នុងចំណោមដៃគូអភិវឌ្ឍន៍លើគំនិតផ្ដួចផ្តើមបឹងទន្លេសាប លើកម្មវិធីគ្រប់គ្រង និងស្តារអាងទន្លេសាបជាមួយនឹងការគាំទ្រការវិនិយោគរយៈពេលវែងពី៥ ទៅ១០ឆ្នាំ។ នេះបើតាមរយៈការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី ជួបប្រជុំអាហារថ្ងៃត្រង់ជាមួយលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក(WB)។
ក្នុងនេះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យមានការគាំទ្រលើគំរូអភិវឌ្ឍនភាពជាដៃគូរវាងរដ្ឋ និងឯកជន(PPP) ក្នុងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការស្តារ ឬសាងសង់អាងស្តុកទឹកនៅក្នុងអាងសំខាន់ៗ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាការផ្គត់ផ្គង់ទឹក រក្សាលំហូរទឹក និងធានានូវសន្តិសុខទឹក កសាងភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថាន ការពារប្រព័ន្ធអេកូឡូស៊ី បង្កើនផលិតភាពជលផល ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា បឹងទន្លេសាបសម្បូរទៅដោយជីវៈចម្រុះ និងតំបន់ដីសើមជួយការពារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការពារប្រព័ន្ធអេកូឡូស៊ី ហើយដែលត្រូវបានបែងចែកជាបីតំបន់ គឺតំបន់១ ជាតំបន់លំនៅដ្ឋាន តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងតំបន់៣ ជាតំបន់ដែនព្រៃលិចទឹក និងជម្រកត្រីសំខាន់ៗ។
ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសារសំខាន់នៃបឹងទន្លេសាបចំពោះប្រទេសកម្ពុជា ក្នុងការរក្សាតុល្យភាពទឹក សន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជួយគ្រប់គ្រងជំនន់តាមរដូវ គាំទ្រដល់ផលិតភាពជលផលក្នុងស្រុក និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់។
បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬត្រូវបានហៅថា«ជាកូនសមុទ្រទឹកសាប»ដោយសារវិសាលភាពដ៏ធំធេងនៃបឹងនេះហើយ បឹងទន្លេសាបជាអាងស្ដុកទឹកធម្មជាតិ និងជាជម្រកមច្ឆជាតិដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។
នៅរដូវវស្សា បឹងទន្លេសាប មានទំហំដល់ទៅ១៦ម៉ឺនគីឡូម៉ែត្រការ៉េ និងមានជម្រៅរហូតដល់៩ម៉ែត្រ ប៉ុន្តែនៅរដូវប្រាំងបឹងទន្លេសាបមានទំហំរួមតូចប្រហែល២៧ពាន់គីឡូម៉ែត្រការ៉េ និងមានជម្រៅរាក់ប្រហែលពី១-២ម៉ែត្រប៉ុណ្ណោះ។
បឹងទន្លេសាបត្រូវបានចាត់ទុកថាជាប្រភពត្រីទឹកសាបដ៏ធំជាងគេនៅលើពិភពលោក ហើយបានផ្គត់ផ្គង់ជីវភាពប្រជាជនកម្ពុជាជាង៤លាននាក់ (ឆ្នាំ២០១១) ដែលរស់នៅក្នុងខេត្តទាំង៦ជុំវិញបឹងទន្លេសាប គឺ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ហើយក៏មានប្រជាជនកម្ពុជាជាង១លាននាក់ដែលរស់នៅពឹងផ្អែកលើការនេសាទត្រីក្នុងបឹងទន្លេសាប សម្រាប់ជីវភាពរបស់នៅរបស់ពួកគេ ពីព្រោះបឹងនេះបានផ្ដល់ត្រីទឹកសាបជាង៧៥%នៃផលិតផលត្រីទឹកសាបក្នុងប្រទេសកម្ពុជា៕
03-កញ្ជា-2025 - ម៉ោង 03:10:PM
18-សីហា-2025 - ម៉ោង 02:16:PM
18-សីហា-2025 - ម៉ោង 10:59:AM
06-សីហា-2025 - ម៉ោង 09:32:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា