សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមេផ្ទះឌីជីថល ជំរុញដល់ភាពស្អាត ភាពបៃតង និងចីរភាព នៅកម្ពុជា

22-ឧសភា-2025 - ម៉ោង 03:47:PM

អត្ថបទ៖ វិចិត្រ

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin)ជំហានទី២ កម្មវិធី CHAKRA STEM APP ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ជាច្រើននាក់។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការរៀបចំមេផ្ទះឌីជីថលរបស់ក្រសួងបរិស្ថាន ដើម្បីពន្លឿនការចរាចរណ៍ឯកសាររដ្ឋបាល ឱ្យកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាពការងារខ្ពស់ សមស្របតាមគោលនយោបាយយុទ្ធសាស្រ្តអាទិភាពគន្លឹះទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ការដាក់ចេញរដ្ឋបាលឌីជីថល បាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អសេវាសាធារណៈ និងការដោះស្រាយបញ្ហាបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រវិស័យបរិស្ថាន មានមុំយុទ្ធសាស្រ្តស្នូល៣ គឺ រដ្ឋបាល បច្ចេកវិទ្យា និងផ្សព្វផ្សាយ ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការជំរុញការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់វិស័យរបស់ក្រសួងបរិស្ថាននេះ គឺផ្តើមចេញពីមនុស្សទៅឌីជីថល ហើយឌីជីថលនឹងបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួង ដោយសម្រួលការគ្រប់គ្រងឯកសារ និងលំហូរការងារ។ ធានាបានតម្លាភាព និងគណនេយ្យភាព ដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកត់ត្រារាល់សកម្មភាព។ ជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យ និងជាមជ្ឈមណ្ឌលកណ្តាល។ រួមទាំងការបង្កើតបរិយាកាសការងារបែបឌីជីថល ឆ្ពោះទៅរកស្ថាប័នទំនើប។

សូមបញ្ជាក់ថា ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីរដ្ឋបាលឌីជីថល បានប្រព្រឹត្តទៅជាមួយនឹងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា STEM Cambodia លើការរៀបចំ និងដាក់ឱ្យប្រើកម្មវិធី CHAKRA STEM APP ដែលក្រសួងបរិស្ថានតំណាងដោយឯកឧត្តម ម៉ៅ សុវេង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ អ៊ាង និធិជ្ជនី ដឺណេ នាយិកាប្រតិបត្តិនៃអង្គការ STEM Cambodia

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណអង្គការ STEM កម្ពុជា ដែលបានសហការ និងរួមចំណែកធ្វើឱ្យកម្ពុជាស្អាត មានភាពបៃតង ដោយចីរភាព តាមរយៈបេសកកម្ម ៣ចម្បងគឺ ១.បណ្តុះគំនិតសាធារណៈនិងយុវជនជំនាន់ក្រោយឱ្យស្រឡាញ់បរិស្ថាន ២. Chakra STEM App ជាកម្មវិធីដែលបង្កើតដោយកូនខ្មែរ ហើយកម្មវិធីនេះ សម្រាប់កំណត់ចំណាំទីតាំងដាំកូនឈើ និងតាមដានការលូតលាស់របស់ដើមឈើ ដែលជាការរួមចំណែកកាត់បន្ថយឧស្ម័ន កាបូនិកឈានឆ្ពោះទៅប្រទេស អាព្យាក្រឹតកាបូន ទី៣. ជំរុញដល់ការងារគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងការច្នៃប្រឌិតខ្ពស់៕

 

ព័ត៌មានទាក់ទង

កម្ពុជាប្រឈមនឹងភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦កញ្ញា ព្រឹត្តិការណ៍ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១” ដើមឈើអាយុកាលចន្លោះពី១០ម៉ឺនឆ្នាំ ទៅ២លានឆ្នាំ ត្រូវបានកំណាយរកឃើញនៅស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រសួងបរិស្ថានបានរៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេង ពីស៊ីទែនប្រេង ចំនួនបួនដែល បានធ្លាក់ចេញពីរថភ្លើងនៅខេត្តបាត់ដំបង បើទោះជាលុបចោលនូវព្រឹត្តិការណ៍ពិពណ៌កូនឈើ តែក្រសួងបរិស្ថាននៅបន្តចែកកូនឈើជូនដល់ប្រជាពលរដ្ឋដូចដើម ក្រសួងការងារកម្ពុជា អំពាវឱ្យកម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន បង្កើនការប្រុងប្រយ័ត្នអំពីរលកយកស៊ូណាមិ ក្រសួងបរិស្ថានថា បទល្មើសធនធានធម្មជាតិបង្ក្រាបបាន ក្នុងឆមាសទី១ ឆ្នាំ២០២៥ ថយចុះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមទូទាំងប្រទេស ក.ជ.អ.ច. វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម