អត្ថបទ៖ សហការ
នេះបើតាមការឱ្យដឹងពិក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ជាក់ស្តែងតាមរយៈសិក្ខាសាលាពិគ្រោះយោបល់ ក្រសួងបានលើកយកប្រធានបទសារធាតុអាសបេស្តុស (Asbestos) មកជជែកពិភាក្សា ដើម្បីបន្ថែមការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងផលប៉ះពាល់របស់សារធាតុនេះ ដែលជាធាតុផ្សំនៅក្នុងសម្ភារសំណង់សំខាន់ៗជាច្រើន ដូចជា សម្ភារដំបូល សម្ភារធ្វើពីអ៊ីសូឡង់ សម្ភារធ្វើពីកម្រាល ផលិតផលការពារភ្លើង និងធន់នឹងកម្តៅ វាយនភ័ណ្ឌ និងសម្ភារផ្សេងៗទៀត ក្នុងចំណោមគ្រឿងបង្គុំសំណង់ជាច្រើននៅកម្ពុជា។
ក្រសួងឱ្យដឹងទៀតថា តាមរយៈការសិក្សា អាសបេស្តូស (Asbestos) មានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុខភាពផ្លូវដង្ហើម សួត ជាដើម នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជាការកាត់ ពុះជ្រៀក រុះរើ ការពុកផុយ។ ហើយបានមើលឃើញថាបណ្តាប្រទេសជាច្រើនបានចាត់វិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុនេះទាំងស្រុង ដូចជាប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សិង្ហបុរី ជាដើម ក្នុងនោះ ក៏នៅមានបណ្តាប្រទេសមួយចំនួនកំពុងបន្តប្រើប្រាស់សារធាតុនេះ ដោយប្រើប្រាស់យន្តការ បទប្បញ្ញត្តិ និងបទដ្ឋានក្នុងការគ្រប់គ្រងការប្រើប្រាស់ ដែលយើងអាចធ្វើការសិក្សាដកយកបទពិសោធន៍បាន។
ដូច្នេះ តាមរយៈសិក្ខាសាលាពិគ្រោះយោបល់នេះ គឺនឹងដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានា ដើម្បីពិគ្រោះយោបល់ ពិភាក្សា វែកញែក បញ្ហាប្រឈមទាំងអស់ឱ្យបានល្អិតល្អន់ ដើម្បីផ្តល់ជម្រើសជូនប្រជាជនកម្ពុជា និងឈានដល់ការឯកភាពជារួមមួយ ថាគួរនៅបន្តប្រើអាសបេស្តុស (Asbestos) នេះតទៅទៀត ឬក៏ត្រូវកម្រិតលក្ខខណ្ឌនៃការប្រើប្រាស់បែបណា ឬក៏បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្តប្រើប្រាស់ ស្របតាមបទដ្ឋានគ្រប់គ្រងប្រកបដោយភាពម្ចាស់ការ ដែលបុព្វហេតុជារួមគឺ ដើម្បីជាឧត្តមប្រយោជន៍ដល់ឧស្សហកម្មគ្រឿងបង្គុំសំណង់របស់យើង ក៏ដូចជាប្រជាជនកម្ពុជាគ្រប់ៗរូប៕
រូបភាព៖ ក្រសួងរៀបចំដែនដី
28-មករា-2025 - ម៉ោង 11:40:AM
22-មករា-2025 - ម៉ោង 11:08:AM
25-មិថុនា-2024 - ម៉ោង 02:29:PM
24-មិថុនា-2024 - ម៉ោង 08:25:PM