អត្ថបទ៖ សំនៀង
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន ក្រោយសន្និសិទ្ធសារព័ត៌មាន នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដោយមានការចូលរួមពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសាធារណរដ្ឋហ្វីលីពីន។
នៅក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ដ្រី(ក.ប.ទ.) បានជម្រាបជូនអ្នកសារព័ត៌មានអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ រវាង ក.ប.ទ. និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថល ទៅវិញទៅមកដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ ដោយមានការចូលរួមពីអ្នកបច្ចេកទេសនៃប្រទេសទាំងពីរបានជួបគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធនិងធ្វើការផ្ទេរបច្ចេកវិទ្យារវាងប្រទេសទាំងពីរនូវ ប្រព័ន្ធឌីជីថលចំនួន២ គឺ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជានិងកម្មវិធី eGov SuperApp របស់ហ្វីលីពីន ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥នេះ។
ឯកឧត្តមរដ្ឋមន្ត្រី ក.ប.ទ. ក៏បានគូសបញ្ជាក់អំពីភាពខ្លាំងនៃកម្មវិធី eGov Super App របស់ហ្វីលីពីន ថាបច្ចេកវិទ្យា បទពិសោធ និងលក្ខណៈពិសេសនៃកម្មវិធីនេះ នឹងរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្មវិធី DG Super App របស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្តថា កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យានិងបទពិសោធគ្នាទៅវិញទៅមក គឺមានសារៈសំខាន់ណាស់ ព្រោះកិច្ចសហប្រតិបត្តិនេះនឹងធ្វើឱ្យ (១) ល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនឹងលឿនជាងមុន (២) ប្រទេសទាំងពីរមានមូលដ្ឋានកាន់តែរឹងមាំក្នុងសម្រេចចិត្តជ្រើសរើសបច្ចេកវិទ្យាដែលត្រឹមត្រូវ ដើម្បីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថល ផ្អែកតាមការផ្លាស់ប្ដូរបទពិសោធដែលប្រទេសទាំងពីរបានជួបប្រទះកន្លងមកក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា និង (៣) ចំណងការទូតរវាងកម្ពុជានិងហ្វីលីពីនកាន់តែមាន ភាពជិតស្និទ្ធមួយកម្រិតទៀតផងដែរ។
ឯកឧត្តម Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើងអំពីអត្ថប្រយោជន៍ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph សម្រាប់ហ្វីលីពីន ដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារនានាដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចរបស់សាធារណរដ្ឋ ហ្វីលីពីន និងផ្តល់ភាពងាយស្រួលដល់ប្រជាជនក្នុងការយកទៅប្រើប្រាស់។ ហ្វីលីពីនបានពិនិត្យឃើញអំពីភាពលេចធ្លោនៃថ្នាល verify.gov របស់កម្ពុជាដែលអាចដាក់ឱ្យប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ រួមមានជាអាទិ៍ អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន ឯកសារអត្រានុកូលដ្ឋានដែលរួមមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព បណ្ណបើកបរ ព្រមទាំងសញ្ញាបត្ររបស់សិស្ស និស្សិត ន សាធារណរដ្ឋហ្វីលីពីន។ ឯកឧត្តមរដ្ឋមន្ត្រី Ivan John E. Uy បានបន្តលើកឡើងថា កិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បង្កើតឱ្យមានមូលដ្ឋានគ្រឹះសម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងសមត្ថភាព និងការជ្រើសរើសឱ្យបានត្រឹមត្រូវ ហើយកិច្ចសហប្រតិបត្តិការនៃដំណោះស្រាយឌីជីថលដែលនឹងត្រូវប្រើប្រាស់សម្រាប់ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលទាំងនេះក៏បានបង្ហាញអំពីជំហរនិងការតាំងចិត្តរបស់ប្រទេសទាំងពីរក្នុងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលផងដែរ។
សូមបញ្ជាក់ផងដែរថា ដើម្បីសម្រេចឱ្យបានជោគជ័យនូវការផ្ទេរបច្ចេកវិទ្យានៃការអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និង eGov SuperApp រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ហ្វីលីពីនជំនួបលើកនេះ ក្រសួងទាំងពីរបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលស៊ីជម្រៅដែលអាចឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងពីរសហការក្នុងការផ្ទេរបច្ចេកវិទ្យាទៅវិញទៅមក ហើយនៅក្នុងដំណាក់កាលសាកល្បងនេះ (Staging) ក្រុមការងារបច្ចេកទេសនៃ ក.ប.ទ. បានផ្ទេរបច្ចេកវិទ្យាដល់ក្រុមការងារបច្ចេកទេសនៃក្រសួងបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន ក្នុងការដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph (Staging) នៅលើឯកសារ ២ ប្រភេទជាជំហានដំបូង គឺ (១) អត្តសញ្ញាណបណ្ណ ពលរដ្ឋហ្វីលីពីន និង (២) សញ្ញាបត្ររបស់សិស្ស និស្សិត នៃសាធារណរដ្ឋហ្វីលីពីន។
ជាមួយគ្នានេះ ក្រុមការងារ បច្ចេកទេសរបស់ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋហ្វីលីពីន បានធ្វើការបង្ហាញផ្ទាល់ (Live Demonstration-Staging) នៃកម្មវិធី eGov SuperApp របស់ហ្វីលីពីននិងពិភាក្សាលម្អិតអំពីលក្ខណៈបច្ចេកទេស សំខាន់ៗដែលមាននៅក្នុងកម្មវិធី eGov SuperApp ដែលអាចឱ្យកម្ពុជាដកស្រង់បទពិសោធដើម្បីធ្វើឱ្យកាន់តែប្រសើរ ឡើងនូវការអភិវឌ្ឍកម្មវិធី DG SuperApp របស់ខ្លួនផងដែរ។
សូមជម្រាបជូនថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួល ក្នុងការ ប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំង ជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ៕
ប្រភពរូនភាព៖ ក្រសួងប្រៃសណី និងទូរគមនាគមន៍
28-មករា-2025 - ម៉ោង 11:40:AM
22-មករា-2025 - ម៉ោង 11:08:AM
25-មិថុនា-2024 - ម៉ោង 02:29:PM
24-មិថុនា-2024 - ម៉ោង 08:25:PM