អត្ថបទ៖ វិចិត្រ
តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃ សូមឱ្យដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ។
ក្រុមទាហានថៃបានចូលមកចាប់កងទ័ពកម្ពុជាដោយខុសច្បាប់នៅក្នុងទឹកដីកម្ពុជា ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី២៩ សីហានេះ មានរយៈពេល១ខែហើយដែលទាហានកម្ពុជាទាំង១៨នាក់នោះ ត្រូវបានចាប់ និងនាំទៅឃុំខ្លួននៅក្នុងប្រទេសថៃ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដដែលនេះក្រុមសង្គមស៊ីវិលបានបង្ហាញពីសេចក្តីសោមនស្ស ដែលកងទ័ពថៃ បានសម្របសម្រួល និងអនុញ្ញាតឱ្យកាកបាទក្រហមអន្តរជាតិ (ICRC) សួរសុខទុក្ខទាហានកម្ពុជាទាំង ១៨ នាក់នេះ។
ក៏ប៉ុន្តែ ក្រុមសង្គមស៊ីវិលទាំងនោះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមឱ្យដឹងថា ទាហានកម្ពុជាទាំងនោះ ត្រូវតែត្រូវបានដោះលែងភ្លាមៗ ក្រោយពេលចប់សង្គ្រាម ឬជម្លោះប្រដាប់អាវុធ។ ភាគីកម្ពុជា និងថៃ បានព្រមព្រៀងឱ្យមានបទឈប់បាញ់ តាំងពីថ្ងៃទី ២៨ ខែកក្កដា មកម្ល៉េះ។ ដូចនេះ ទាហានកម្ពុជាទាំងនោះ ត្រូវតែដោះលែង និងបញ្ជូនត្រឡប់មកកម្ពុជាវិញ។
ក្រុមសង្គមស៊ីវិលទាំងនោះបានចាត់ទុក ការបន្តឃុំខ្លួនទាហានកម្ពុជាទាំងនេះ គ្រាន់តែជាការបន្តបញ្ឆេះភាពតានតឹងរវាងប្រទេសទាំងពីរ និងរារាំងដំណើរការផ្សះផ្សារវាងប្រទេសជិតខាងទាំងពីរ ដែលត្រូវធ្វើ ដើម្បីកសាងសុខសន្តិភាពរួមគ្នាមួយដែលឋិតថេរ និងយូរអង្វែងតទៅ។ ជាមួយគ្នានេះក្រុមសង្គមស៊ីវិលក៏អំពាវនាវដល់កងទ័ពភូមិន្ទថៃ និងរាជរដ្ឋាភិបាលថៃ សូមចាត់វិធានការចាំបាច់ ដើម្បីសុខសន្តិភាព ដោយត្រូវដោះលែង និងបញ្ជូនទាហានកម្ពុជាទាំង ១៨ នាក់ ត្រឡប់មកកម្ពុជាវិញ ជាបន្ទាន់៕
05-កញ្ជា-2025 - ម៉ោង 10:02:AM
03-កញ្ជា-2025 - ម៉ោង 10:31:AM
29-សីហា-2025 - ម៉ោង 03:08:PM
27-សីហា-2025 - ម៉ោង 02:44:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា