អត្ថបទ៖ កែវ រតនៈ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនាពេលកន្លងមក ដែលបានជួយគាំទ្រដល់ដំណើរការគ្រប់គ្រងប្រព័ន្ធការងារ កិច្ចគាំពារពលករចំណាកស្រុក និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតឱកាសការងារ ការគាំពារសន្ដិសុខសង្គម និងការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានកិច្ចសហការល្អជាមួយនឹងចក្រភពអង់គ្លេស។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការបន្តកិច្ចសហការជាមួយចក្រភពអង់គ្លេស ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង ភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយចក្រភពអង់គ្លេសនៅបន្តរក្សាទំនាក់ទំនងល្អ និងការគាំទ្រដល់ដំណើរការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅព្រះរាជាណាចក្រកម្ពុជា៕
រូបភាព៖ ក្រសួងការងារ
05-កញ្ជា-2025 - ម៉ោង 10:02:AM
03-កញ្ជា-2025 - ម៉ោង 10:31:AM
29-សីហា-2025 - ម៉ោង 03:08:PM
27-សីហា-2025 - ម៉ោង 02:44:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា