សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កិច្ចប្រជុំវិសាមញ្ញRBCរវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគ២របស់ថៃ បានឯកភាពលើលក្ខខណ្ឌ១១ចំណុច

27-សីហា-2025 - ម៉ោង 02:44:PM

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤(ឆ្វេង) និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតភ្លាង មេបញ្ជាការកងទ័ពភូមិភាគទី២ កំពុងចាប់ដៃគ្នាក្រោយចប់កិច្ចប្រជុំវិសាមញ្ញRBC កម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នាខេត្តស៊ីសាកេត ប្រទេសថៃ។

អត្ថបទ៖ វិចិត្រ

 

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាលើលក្ខខណ្ឌ១១ចំណុច។

 

តាមរយៈសេចក្តីប្រកាសរួម ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដោយភាគីទាំងពីរបានឯកភាពគ្នាទៅលើលក្ខខណ្ឌដូចជា ចំណុចទី១ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តសេចក្តីសម្រេចនៃ កិច្ចប្រជុំពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ចំណុចទី២ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាព នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហា ដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង បន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។

 

ជាមួយគ្នានេះចំណុចទី៣ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងការជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងព្យាយាមបង្កើតនូវវិធានការ ជាក់ស្តែង សំដៅលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី។ ចំណុចទី៤ ភាគីទាំងពីរបានឯកភាពគ្នាមិនពង្រីកវិសាលភាពនិងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុ របស់ទាហាន ឬប្រជាជន ដែលអាចនាំឱ្យមានភាពតានតឹង ដូចជាសម្ដីអុជអាល និងសកម្មភាពរបស់ទាហាន ដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមាន នៅម៉ោង ២៤:០០នាទី (ម៉ោងក្នុងស្រុក) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

 

ក្នុងនោះចំណុចទី៥ រាល់ការធ្វើសកម្មភាពដើម្បីធានាសុវត្ថិភាព រួមបញ្ចូលទាំងការល្បាត និងការសាងសង់ ឬការពង្រីក ហេដ្ឋារចនាសម្ព័ន្ធ ឬលេណដ្ឋាន ដែលមានលក្ខណៈការពារខ្លួនសុទ្ធសាធ និងស្ថិតនៅតែខាងខ្លួនឯងប៉ុណ្ណោះ ភាគីនីមួយៗអាចអនុវត្តទៅបាន ដោយអនុលោមពេញលេញតាមលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នាដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង (បកប្រែក្រៅផ្លូវការ)គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ វិធានការនេះមានគោលបំណងលើកកម្ពស់បរិយាកាសនៃជំនឿទុកចិត្ត ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ចំណុចទី៦ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាព ដែលសម្រេចបាន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងគោលបំណងរួមនៃការវិលត្រឡប់ ទៅរកប្រក្រតីភាពឡើងវិញ។ ចំណុចទី៧ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់ក្នុងការដោះមីនមនុស្សធម៌ និងបានឯកភាពគ្នា បញ្ជូនបញ្ហានេះ ដែលស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ទៅកិច្ចប្រជុំបន្ទាប់របស់ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ដូចដែលបាន ព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។

 

ចំណែកឯចំណុចទី៨ ភាគីទាំងពីរបានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល (CG) ដើម្បីពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ជាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំង ឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។ ខ្លឹមសារលម្អិតនឹងត្រូវយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំ បន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ ក្នុងអំឡុងពេលអន្តរកាល មុនការបង្កើត ក្រុមការងារសម្របសម្រួល (CG) មេបញ្ជាការថ្នាក់មូលដ្ឋានរបស់ភាគីទាំងពីរ រួមបញ្ចូលទាំងអង្គភាពសម្របសម្រួល ព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា នឹងជួបគ្នាជារៀងរាល់សប្តាហ៍ ឬតាមពេលវេលាសមស្រប ដើម្បីដោះស្រាយ រាល់បញ្ហាដែលកើតមានឡើងនៅក្នុងដែននៃការទទួលខុសត្រូវរបស់ខ្លួន។ ហើយចំណុចទី៩ ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីនូវឆន្ទៈ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន រួមបញ្ចូលទាំងប្រតិបត្តិការមជ្ឈមណ្ឌលហៅទូរសព្ទ (ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរអាវុធ និងសកម្មភាព ឧក្រិដ្ឋកម្មឆ្លងដែនដទៃទៀត ដោយធ្វើការស្វែងរកកិច្ចសហប្រតិបត្តិការច្បាស់លាស់និងជាក់ស្តែង តាមរយៈ ក្របខ័ណ្ឌដែលមានស្រាប់។ បញ្ហាទាំងនេះស្ថិតក្រោមអាណត្តិរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) គួរតែត្រូវ យកទៅពិភាក្សានៅក្នុងកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងធ្វើឡើង នាពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។

 

ដោយឡែកចំណុចទី១០ ភាគីទាំងពីរបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ចំពោះការតវ៉ាទៅលើជម្លោះណាមួយដែលកើតមានឡើងតាមព្រំដែន ហើយបានយល់ព្រមបញ្ជូនបញ្ហាផ្សេងៗ ដែលមិនអាចដោះស្រាយបាននៅកម្រិតគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទៅកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬយន្តការសមស្របផ្សេងទៀត តាមការព្រមព្រៀងរបស់ភាគីទាំងពីរ។ ចំពោះចំណុចទី១១ និយាយអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលនឹងត្រូវធ្វើឡើង នៅក្នុងរយៈពេល ១ខែ ក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស៊ីសាកេត ប្រទេសថៃ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយ សហប្រធាន ដែលមានឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតភ្លាង មេបញ្ជាការកងទ័ពភូមិភាគទី២៕

 

ព័ត៌មានទាក់ទង

គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងបើកកិច្ចប្រជុំពិសេសលើកទី១ ដែលកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI) ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ(IOT)ចុះទៅពិនិត្យស្ថានភាពព្រំដែននាខេត្តពោធិ៍សាត់ ក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ អំពាវនាឱ្យថៃដោះលែងកងទ័ពខ្មែរទាំង១៨នាក់ ដោយឥតលក្ខខណ្ឌ កិច្ចប្រជុំវិសាមញ្ញRBCរវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគ២របស់ថៃ បានឯកភាពលើលក្ខខណ្ឌ១១ចំណុច ទីភ្នាក់ងារអាល្លឺម៉ង់ (GIZ)ប្រគល់ឧបករណ៍​បច្ចេកទេស ៤៥គ្រឿងជូនក្រសួង​ការងារសម្រាប់​ ត្រួតពិនិត្យសុវត្ថិភាព និងសុខភាពការងារ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ប្តេជ្ញាយ៉ាងមុតមាំអនុវត្តបទឈប់បាញ និងគោលការណ៍ឯកភាព១៣ចំណុចរបស់(GBC) កម្ពុជាសង្ឃឹមថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ នឹងផ្តល់ផ្លែផ្កាល្អបន្ថែមទៀតដល់បទឈប់បាញ់ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្តល់កិច្ចសហការគាំទ្រលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម