អត្ថបទ៖ វិចិត្រ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បណ្តេញលោកស្រី ធី សុវណ្ណថា ចេញពីគណបក្សប្រជាជនកម្ពុជា និងបញ្ជាឱ្យឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ចប់មុខតំណែង លោកស្រី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។ នេះបើតាមសំណេររបស់សម្តេចតេជោដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្តេចនៅព្រឹកថ្ងៃទី៣ សីហានេះ។
ការបណ្តេញចេញនេះគឺធ្វើឡើងក្រោយពេលដែលលោកស្រី ធី សុវណ្ណថា បានបង្ហោះសារនៅលើហ្វេសប៊ុកម្តងហើយម្តងទៀត ដែលនាំឱ្យប៉ះពាល់ដល់កងទ័ព ខណៈកម្ពុជាកំពុងរងការឈ្លានពានដោយប្រដាប់អាវុធពីប្រទេសថៃ។ លោកស្រី ធី សុវណ្ណថា អភិបាលរងក្រុងអរិយក្សត្រ បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃនេះថា «ឃើញថាទ័ពយើងជួរមុខភាគច្រើន មានជំងឺលើសឈាម ទឹកនោមផ្អែម ក្រពះ ថ្លើម តម្រងនោម…ដើមហេតុមកពីការផឹកស្រា។»
ក្នុងនោះសម្តេចតេជោបានបញ្ជាក់ថា «យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប។ ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។»
ជាមួយគ្នានេះសម្តេចតេជោបានលើកឡើងថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច សម្តេចមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕
05-កញ្ជា-2025 - ម៉ោង 10:02:AM
03-កញ្ជា-2025 - ម៉ោង 10:31:AM
29-សីហា-2025 - ម៉ោង 03:08:PM
27-សីហា-2025 - ម៉ោង 02:44:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា