អត្ថបទ៖ កែវ រតនៈ
ខណៈដែលបទឈប់បាញ់បានចូលជាធរមានកាលនៅម៉ោង ១២យប់ថ្ងៃទី២៨ ខែកក្កដាកន្លងទៅ ការបាញ់ តបតគ្នារវាងកម្ពុជា និងថៃក៏បានស្ងប់ស្ងាត់ តែអ្វីដែលនៅសល់នោះគឺគ្រាប់កាំភ្លើង និងគ្រាប់ដែលបានធ្លាក់នៅលើទឹកដីកម្ពុជានៅតែជាហានិភ័យ។
ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ CMAC បានប្រាប់បៃតងបុស្តិ៍ថា បន្ទាប់ពីមានការផ្ទុះអាវុធ CMAC បានចុះអប់រំដល់ប្រជាពលរដ្ឋជាជនភៀសសឹកដល់កន្លែងដែលគាត់រស់នៅឱ្យបានដឹងពីមីន និងបានស្រាវជ្រាវ វាយតម្លៃតំបន់រងផលប៉ះពាល់ហើយបានត្រៀមមន្ត្រីជំនាញចំនួន៣៥ក្រុមដែលក្នុងមួយក្រុមមានគ្នា ៧នាក់ សម្រាប់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារដើម្បីដោះគ្រាប់មិនទាន់ផ្ទុះចេញ។ ឯកឧត្តមបន្តថា ក្នុងជំហានដំបូងនេះគឺ CMAC បានរកឃើញគ្រាប់ប្រភេទ MK84 ចំនួន១គ្រប់ នៅក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ប៉ុន្តែមន្ត្រីជំនាញ CMAC មិនទាន់បានយកចេញពីកន្លែងដែលរកឃើញនោះនៅឡើយទេ។ ជាមួយគ្នានេះឯកឧត្តមក៏បានបញ្ជាក់ថា CMAC ក៏រកឃើញរន្ធគ្រាប់ដែលមិនទាន់ផ្ទុះនៅ៥ទីតាំងផ្សេងទៀត ។
យ៉ាងនេះក្តីឯកឧត្តម ហេង រតនា បញ្ជាក់ថា ប្រតិបត្តិការស្វែងរកគ្រាប់មិនទាន់ផ្ទុះនេះគឺធ្វើនៅតែតំបន់ណាដែលបន្ទាន់ពោលគឺតំបន់ដែលប្រជាពលរដ្ឋបានជួបប្រទេះ និងហៅមន្ត្រីជំនាញទៅពិនិត្យប៉ុណ្ណោះ ដោយរងចាំឱ្យប្រាកដកថាមិនមានការបាញ់ប្រហារគ្នាទៀត នោះ CMAC នឹងធ្វើការងារដោយពេញលេញ។
សង្គ្រាមឈ្លានពានដែលកើតចេញពីការបាញ់៦គ្រាប់ដំបូងរបស់ទាហានថៃ បានកើតឡើងចាប់ពីព្រឹកថ្ងៃទី២៤ ខែកក្កដា រហូតដល់ ម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥។ ការបាញ់ប្រហារគ្នានេះបានធ្វើឱ្យគ្រាប់មិនទាន់ផ្ទុះដែលមានទាំងគ្រាប់បែកចង្កោមផងនោះបានរាយប៉ាយនៅជាច្រើនកន្លែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃដែលមានជម្លោះ៕
រូបភាព៖ CMAC
05-កញ្ជា-2025 - ម៉ោង 10:02:AM
03-កញ្ជា-2025 - ម៉ោង 10:31:AM
29-សីហា-2025 - ម៉ោង 03:08:PM
27-សីហា-2025 - ម៉ោង 02:44:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា