អត្ថបទ៖ វិចិត្រ
ជនភៀសសឹកកម្ពុជាបានកើនឡើងរហូតដល់ទៅ២៥ពាន់គ្រួសារ ស្មើនឹង៨ម៉ឺននាក់ នៅក្នុងរយៈពេល៤ថ្ងៃ នៃសង្គ្រាមឈ្លានពានប្រដាប់អាវុធរបស់កងទ័ពថៃ មកលើអធិបតេយ្យកម្ពុជា។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះក៏បានបញ្ជាក់ថា គិតត្រឹមម៉ោង១២ ថ្ងៃទី២៦ ខែកក្កដា ម្សិលមិញ សាលារៀនចំនួន៥៣៦ទីតាំង ក្នុងចំណោម១៤ស្រុក នៃខេត្តទាំង៥របស់កម្ពុជា បានទទួលរងផលប៉ះពាល់ពីការគំរាមកំហែងនៃការឈ្លានពានរបស់កងទ័ពថៃ ដែលធ្វើឱ្យសិស្សចំនួន១៣ម៉ឺននាក់មិនអាចសិក្សាបានដូចស្ថានភាពធម្មតា។
ក្រសួងការពារជាតិកម្ពុជាបន្តថ្កោលទោសចំពោះទង្វើឈ្លានពានប្រដាប់អាវុធរបស់កងកម្លាំងយោធាថៃដែលបណ្តាលឱ្យមានប្រយុទ្ធគ្នា និងបង្កឱ្យប៉ះពាល់ទៅដល់សន្តិភាព ស្ថេរភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរកម្ពុជា-ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកទង្វើឈ្លានពានប្រដាប់អាវុធរបស់ថៃនេះ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យរបស់កម្ពុជា គំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងរំលោភបំពានលើមាត្រា២នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់មិនឱ្យប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានបញ្ជាក់ពីជំហរសារជាថ្មីឡើងវិញរបស់កម្ពុជាថា កងយោធពលខេមរភូមិន្ទកម្ពុជាបានធ្វើសកម្មភាពដោយភាពអត់ធ្មត់ខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ដោយធ្វើការវាយបកតែលើមូលដ្ឋានកងទ័ពថៃប៉ុណ្ណោះ ហើយនេះជាការអនុវត្តនៅក្នុងការការពារសិទ្ធិស្របតាមច្បាប់អន្តរជាតិ ដែលមានចែងនៅក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ កម្ពុជាទាមទារឱ្យថៃបញ្ឈប់រាល់សកម្មភាពនៃការផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរចំណាប់អារម្មណ៍លើការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន ដោយលាបព័ណ៌ មូលបង្កាច់មកលើកម្ពុជា ដោយចេតនាអាក្រក់របស់ខ្លួន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ជាក់ផងដែរពីជំហរនៅក្នុងការប្រើប្រាស់សិទ្ធិស្វ័យការពាររបស់ខ្លួន ដើម្បីតទល់ប្រឆាំងទៅនឹងការឈ្លានពានរបស់ភាគីថៃ ដើម្បីការពារនូវបូរណភាពទឹកដី សន្តិភាព និងស្ថេរភាព ក្នុងប្រទេស ក៏ដូចជាក្នុង៕
05-កញ្ជា-2025 - ម៉ោង 10:02:AM
03-កញ្ជា-2025 - ម៉ោង 10:31:AM
29-សីហា-2025 - ម៉ោង 03:08:PM
27-សីហា-2025 - ម៉ោង 02:44:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា