សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA

17-មិនា-2025 - ម៉ោង 02:48:PM

អត្ថបទ៖ យូ វាសនា

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា​បុគ្គលិកសរុបជាង១៣០០នាក់ នៃបណ្តាញព័ត៌មានរដ្ឋអាម៉េរិក VOA ត្រូវបានដាក់​ឱ្យឈប់សម្រាកពីការងារ ហើយការផ្តល់មូលនិធិសម្រាប់បណ្តាញព័ត៌មាន២ផ្សេងទៀត គឺវិទ្យុអាស៊ីសេរីនិងវិទ្យុអឺរ៉ុបសេរី ត្រូវបានលុបចោល បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាប្រតិបត្តិសំដៅបង្រួមទីភ្នាក់ងារសហព័ន្ធ ដែលមានតួនាទីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដែលទទួលមូលនិធិពីរដ្ឋាភិបាលអាម៉េរិក។

 

លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ការបិទស្ថាប័នសារព័ត៌មានទាំងនេះបានធ្វើឱ្យមានផលប៉ះពាល់ជាច្រើនមិនថាតែនៅកម្ពុជាគឺនៅជុំវិញពិភពលោក ។ លោក ណុប វី  «វាមានផលប៉ះពាល់ច្រើនលើយើង និយាយរួមមិនត្រឹមតែយើងទេគឺមានផលប៉ះពាល់នៅជុំវិញពិភពលោក ធម្មតាការដែលបិទប្រព័ន្ធផ្សព្វផ្សាយដែលមានសាវតានៃការផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាព រាប់សិបឆ្នាំមកហើយនេះ វាធ្វើឲ្យបាត់បង់ច្រើនណាស់ ទីមួយបាត់បង់ចំពោះលំហនៃសេរីភាពដែលប្រជាពលរដ្ឋធ្លាប់បានប្រើប្រាស់ស្ថាប័នវិទ្យុទាំងអស់ហ្នឹង ទាំងពីរ VOA  និងអាស៊ីសេរីដើម្បីចូលរួមបញ្ចេញមតិយោបល់ ដើម្បីជជែកវែកញែកជុំវិញរឿងព្រឹត្តិការណ៍សំខាន់ៗ មួយវិញទៀតលែងឮសូរព័ត៌មានអំពីរឿងដែលអវិជ្ជមានដែលកើតមានឡើងនៅក្នុងសង្គម។យើងវាលេចឮសូរ ក្រៅតែថាបង្ហោះនៅលើបណ្តាញសង្គមពីប្រជាពលរដ្ឋទូទៅឲ្យអោយវាបាត់លំហ។ »

ករណីនេះ​លោក ​អំ សំអាត នាយក​ប្រតិ​បត្តិ​អង្គការ​លីកាដូ ចាត់ទុកថាជាប្រវត្តិសាស្ត្រមួយសម្រាប់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោកដូណាល់ ត្រាំបានឡើងកាន់អំណាចជាប្រធានាធិបតីជាលើកទី២។ អ្វីដែលលោក អំ សំអាតចាត់ទុកថាជាប្រវត្តិសាស្ត្រនោះគឺការផ្ដាច់ជំនួយអង្គការ USAID  និងការប្រកាសបិទសារព័ត៌មានអាស៊ីសេរី VOA និង វិទ្យុអឺរ៉ុបសេរីនេះតែម្ដង។

លោក អំ សំអាត« យើងមើលទៅសហរដ្ឋអាម៉េរិកជាបីតាប្រជាធិបតេយ្យមួយ ហើយសេរីភាពសារព័ត៌មានក៏ជាមូលដ្ឋានគ្រឹះនៃប្រទេសប្រជាធិបតេយ្យ នៅពេលដែលផ្តាច់ជំនួយឬក៏ផ្អាកនៃវិឡុVOAអីចឹងទៅ វាធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅលើពិភពលោកជាពិសេសសារព័ត៌មាន ដែលគេចាត់ទុកថាសារព័ត៌មានសេរីនិងឯករាជ្យ អីចឹងវាប៉ះពាល់ទៅដល់សិទ្ធិទទួលបាននូវព័ត៌មានរបស់មនុស្សជាតិនៅក្នុងពិភពលោកផងដែរ។ »

អ្នកស្រី យស់ សោភណ្ឌ ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ដែលតែងតែតាមដានស្ដាប់ និងអានសារព័ត៌មានជាច្រើន បានប្រាប់បៃតងប៉ុស្តិ៍ថា ការបិទសារព័ត៌មានទាំង៣ស្ថាប័នដែលដំណើរក្រោមជំនួយរបស់សហរដ្ឋអាម៉េរិកនេះគឺពិតជាមានផលប៉ះពាល់ដល់វិស័យសារព័ត៌មាន ព្រោះថាសារព័ត៌មានដែលផ្សាយបែបឯករាជ្យកាន់តែមានតិចទៅៗ។ អ្នកស្រី យស់ សោភណ្ឌ «ទាក់ទងនិងការបិទវិទ្យុVOA និងអាស៊ីសេរីហ្នឹងគឺមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់កសិករហើយនិងប្រជាពលរដ្ឋទាំងអស់ទូទាំងពិភពលោក ដែលមិនអាចទទួលបានព័ត៌មាននៅក្នុងពិភពលោកហើយជាពិសេសគឺព័ត៌មានដែលឯករាជ្យ។ ចំពោះប្រធា​នាធិបតី ត្រាំដែលទើបនឹងឡើងថ្មីហ្នឹងមើលទៅហាក់ដូចជា មានផលវិបាកយ៉ាងខ្លាំងដល់ពិភពលោកទាំងអស់ព្រោះគាត់ចាប់ផ្ដើម បិទសិទ្ធិការផ្សព្វផ្សាយព័ត៌មាន »

យ៉ាងនេះក្តីនាយិកា​វិទ្យុ​អាស៊ី​សេរី អ្នកស្រី បេយ៍ ហ្វាង (Bay Fang) បានថ្លែងនៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​​ថា ស្ថាប័ន​លោកស្រីគ្រោង​នឹង​ប្តឹង​តវ៉ា​ជំទាស់​នឹង​បទ​បញ្ជា​នេះ។ សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា «ការ​បញ្ចប់​ជំនួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដល់​វិទ្យុ​អាស៊ីសេរី គឺជា​កាដូ​ដល់​មេដឹកនាំ​ព្រៃផ្សៃ និង​ជន​ផ្តាច់ការ​ទាំងឡាយ រួមទាំង​គណបក្ស​កុម្មុយនិស្ត​ចិន​ផង ដែល​ពួកគេ​មិន​ចង់​បាន​អ្វី​ទាំងអស់ ក្រៅតែ​ពី​មិន​ចង់​ឱ្យ​ឥទ្ធិពល​របស់​ពួកគេ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​លម្ហ​ព័ត៌មាន»៕

 

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីស (SDC)
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម