អត្ថបទ៖ សំនៀង
យោងតាមព្រះរាជក្រមដែលឡាយព្រះហស្ថលេខាដោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ព្រះករុណាបានប្រកាសឱ្យប្រើច្បាប់ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ហើយព្រឹទ្ធសភាបានពិនិត្យនិងឱ្យយោបល់កែសម្រួលលើទម្រង់និងគតិច្បាប់នេះកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសម័យប្រជុំព្រឹទ្ធសភាលើកទី២ នីតិកាលទី៥ ព្រមទាំងរដ្ឋសភាបានអនុម័តជាលើកទី២ដោយវិធីបោះឆ្នោតចំហកាលពីថ្ងៃទី២០ ខែវិច្ឆិកា។
នៅក្នុងព្រះរាជក្រមមានមាត្រាចំនួន៤គឺ៖ មាត្រា១. ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣១៨/០០៤ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ត្រូវទុកជានិរាករណ៍។ មាត្រា២. ច្បាប់នេះ មានអានុភាពអនុវត្តចាប់ពីថ្ងៃដែលការដកខ្លួនរបស់ព្រះរាជាណាចក្រកម្ពុជាបានចូលជាស្ថាពរ ដោយផ្អែកតាមកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ មាត្រា៣. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តរាល់នីតិវិធី និងកិច្ចការចាំបាច់នានាដើម្បីធានា ដល់ការដកខ្លួនជាស្ថាពរចេញពីកិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។មាត្រា៤ .-ច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។
ការប្រកាសក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) នេះបានធ្វើឡើងក្រោយពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះនៅតាមបណ្តាញសង្គមតេឡេក្រាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយសម្ដេចបានបញ្ជាក់ថា ការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម គឺដើម្បីដកអាវុធចេញពីដៃពួកជ្រុលនិយម កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត ។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទំាងបីមានចំនួន១៣ខេត្ត ប្រទេសវៀតណាមមានចំនួន៥ខេត្ត ប្រទេសឡាវមានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបីជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយ និងកបានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរីផងដែរ៕
រូបភាព៖ ហ្វេសប៊ុក សម្ដេចតេជោ
02-ឧសភា-2025 - ម៉ោង 01:56:PM
02-ឧសភា-2025 - ម៉ោង 11:48:AM
28-មេសា-2025 - ម៉ោង 10:01:AM
21-មេសា-2025 - ម៉ោង 09:58:AM