សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់របស់រាជរដ្ឋាភិបាលកំពុងដំណើរការដោយរលូន និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា

08-តុលា-2024 - ម៉ោង 08:55:AM

អត្ថបទ៖ សហការ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេក ទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ដើមខែតុលា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។

បើតាមឯកឧត្តមរដ្ឋលេខាធិការ គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សាជំនាញសរុបចំនួន៨០,៥៩៤នាក់(ស្រីចំនួន៣២,០៥៩នាក់)។ ក្នុងចំ​ណោម​​​សិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះចំនួនសិស្សបានបញ្ចប់ការសិក្សាសរុបចំនួនជាង​​១ម៉ឺននាក់។ យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ចាប់តាំងពីបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វ​ផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុល ជាងនេះទៀតក្រុមការងារក៏បានចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំ​នាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ទ្រង់​ទ្រាយធំ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតប័ណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាង​សកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូល​​ដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ”។

ឯកឧត្តមបានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះ ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

សម្រាប់សាកសួរព័ត៌មានលំអិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦  ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីស (SDC)
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម