សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលអះអាងថាគ្មានការកាត់ដីប្រទេសកម្ពុជាចំនួន៤ខេត្តឱ្យទៅប្រទេសវៀតណាមតាមរយៈ CLV DTA

25-កក្តដា-2024 - ម៉ោង 04:17:PM

អត្ថបទ៖ យូ វាសនា

ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលដែលចេញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានច្រានចោលព័ត៌មាន ស្តីពី ការកាត់ទឹកដី ៤ ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់​ជូនសាធារណជនមេត្តាជ្រាបដូចតទៅ៖ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ ទី២. គ្មានការយកខេត្តទាំង៤ របស់​​​​​កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយ​បំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង ៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ ទី៤.គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នេះធ្វើឡើងតែក្នុងក្របខណ្ឌអាជ្ញាធរប្រទេសទាំងបី ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច ហេដ្ឋារចនា សម្ព័ន្ធ សុខាភិបាល អប់រំ សន្ដិសុខ និងការគ្រប់គ្រងគ្រោះមហន្តរាយជាដើម ដូចការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់លាស់រួចហើយដោយមិនពាក់ព័ន្ធនឹងរឿងទឹកដី ឬធនធានធម្មជាតិឡើយ។ ប្រទេសនីមួយៗ រក្សាអធិបតេយ្យភាពជាតិរៀងៗខ្លួន ដោយគ្មានអ្នកណាបំពានបានឡើយ។

កាល​ពី​ដើមសប្ដាហ៍នេះ  សម្តេច ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​​   បាន​ពន្យល់​អំពី​កិច្ច​សហប្រតិបត្តិការ CLV DTA ​​នេះ ដោយ​បញ្ជាក់​ថា ប្រទេស​ទាំង​ ៣ គ្រប់គ្រង​លើ​អធិបតេយ្យភាព​នៃ​ដែនដី​របស់​ខ្លួន​រៀងៗ​ខ្លួន ​ដោយ​គ្មាន​អ្នក​ណា​បំពាន​អ្នក​ណា​ឡើយ ហើយ​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​នេះ​មិន​មែន​ជា​ការ​ដាក់​បញ្ចូល​ទឹក​ដី​បង្កើត​បាន​ជា​ដែនដី ឬ ប្រទេស​ថ្មី​នោះ​ដែរ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ថា៖ «រាជរដ្ឋាភិបាល​មាន​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ដឹកនាំ​ប្រទេស​​ឈាន​ឆ្ពោះ​ទៅ​ពង្រឹង​សេដ្ឋកិច្ច​សង្គម ​និង​នយោបាយ​ទាំង​ក្នុង​ប្រទេស​និង​នយោបាយ​ការ​ទូត ដោយ​រក្សា​ឱ្យ​បាន​ជា​ដាច់​ខាត​នូវ​ឯករាជ្យភាព ​អធិបតេយ្យ​ភាពជាតិ និង​បូរណភាព​ទឹកដី​របស់​ខ្លួន ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ»។ ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ មាន​មតិ​លើក​ឡើង​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដោយ​ពលរដ្ឋ​មួយ​ចំនួន​បង្ហាញ​ពី​ការ​បារម្ភណ៍​រឿង​បាត់​បង់​ទឹក​ដី​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ CLV DTA នេះ ដែល​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដំបូង​នៅ​ឆ្នាំ ១៩៩៩។ ពលរដ្ឋ​ខ្លះ​ក៏​បង្ហាញ​ក្ដីបារម្ភ​ណ៍​ចំពោះ​ការ​បាត់​បង់​ធនធាន​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ខេត្តទាំង​បួន រួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ​របស់​កម្ពុជា ដែល​ជាផ្នែក​នៃ​ CLV DTA៕

 

ព័ត៌មានទាក់ទង

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្សព្វផ្សាយអំពី គោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ចំនួន៧ចំណុច បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ១ឧសភាបានទេ ច្រកទ្វារព្រំដែនអានសេះ បានបើកដំណើរឡើងវិញហើយបន្ទាប់ពីថៃបានបិទដោយឯកតោភាគី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នាវាចំបាំងរុស្ស៊ី៣គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីចិន បញ្ចប់ទស្សកិច្ចផ្លូវរដ្ឋនៅកម្ពុជាជាមួយផ្លែផ្កាជាច្រើនសម្រាប់ប្រទេសទាំងពីរ រដ្ឋមន្ត្រីក្រសួងការងារ​ ពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្រុមអ្នកឃ្លាំមើលវិស័យសារព័ត៌មានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញការប្រកាសឱ្យបិទវិទ្យុអាស៊ីសេរី និងVOA រដ្ឋមន្ត្រីក្រសួងការងារ គាំទ្រដល់កិច្ចការគាំពារ និងការអភិវឌ្ឍជំនាញសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និងទីភ្នាក់ងារស្វីស (SDC)
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម