អត្ថបទៈ កែវ រតនៈ
កិច្ចប្រជុំដែលធ្វើឡើងនៅរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥មានភាគីពាក់ព័ន្ធដែលមានដូចជាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរខេត្តក្រចេះគ្រប់លំដាប់ថ្នាក់ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា កិច្ចប្រជុំនេះគឺជាឱកាសមួយដែលភាគីទាំងអស់រួមគ្នាបញ្ចប់បញ្ហាវិវាទដីធ្លីនៅក្នុងខេត្តក្រចេះ និងឈានទៅបញ្ចប់ការចុះបញ្ជីដីធ្លីនាពេលខាងមុខ។ ឯកឧត្តមក៏បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមរកដំណោះស្រាយឱ្យបានសមស្របលើបញ្ហាវិវាទដីធ្លីនីមួយៗ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានប្រើយន្តការដោយបានចាត់ក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមានអភិបាលរងខេត្តចំនួន ១រូប ជាប្រធានក្រុមការងារ និងមានការចូលរួមពីសមាសភាពមន្ទីរ-អង្គភាពពាក់ព័ន្ធ ដូចជារដ្ឋបាលក្រុង ស្រុក ដើម្បីដោះស្រាយវិវាទដីធ្លីនេះ។ ឯកឧត្តមបន្តថា គ្រប់យន្តការ និងការដោះស្រាយវិវាទដីធ្លីត្រូវបានពង្រឹងឱ្យមានសកម្មភាពរស់រវើកប្រកបដោយភាពទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់ដើម្បីខិតខំបញ្ចប់សំណុំរឿងវិវាទទាំងនោះ។
យោងតាមរបាយការណ៍របស់ លោក អ៊ូ សុបុណ្ណកា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម ដែលបានចែកក្នុងអង្គប្រជុំបានឱ្យដឹងថា ការចុះបញ្ជីដី ជាបញ្ហាអត្ថិភាពសំខាន់ដែលតម្រូវឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ រួមទាំងក្បាលដីរដ្ឋទាំងអស់ឲ្យរួចរាល់១០០% រយៈពេល២ឆ្នាំ ខាងមុខ ដែលធានាបាននូវសុវត្ថិភាពដីធ្លីជូនប្រជាពលរដ្ឋ កាត់បន្ថយវិវាទដីធ្លីមកនៅត្រឹមកម្រិតអប្បរមា និងជំរុញ ការផ្តល់សេវាផ្សេងៗ ពាក់ព័ន្ធនឹងវិស័យដីធ្លីឲ្យបានលឿន និងឆាប់រហ័ស។
លោក អ៊ូ សុបុណ្ណកាឱ្យដឹងទៀតថា ដើម្បីចូលរួមចំណែកអនុវត្តនូវគោល នយោបាយដីធ្លី ខេត្តក្រចេះបានអនុវត្តការងារចុះបញ្ជីដីធ្លី សម្រេចបានដូចជា ក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជីសរុបចំនួន ២៣៨,២៣៦ ក្បាលដី ក្បាលដីដែលបានវាស់វែងសរុបចំនួន ១៩៤,៣៩៨ ក្បាលដី ក្បាលដីដែលបានធ្វើការវិនិច្ឆ័យ សរុបចំនួន ១៧៤,០៥៥ ក្បាលដី ក្បាលដីដែលបានបិទផ្សាយសរុបចំនួន ១១០,០៥៧ ក្បាលដី ក្បាលដីដែលបានចេញបណ្ណ សរុបចំនួន ៨៦,១៣៦ ក្បាលដី បណ្ណដែលបានចែករួចសរុបចំនួន ៨០,៦៧៧ ក្បាលដី ក្បាលដីបានវាស់វែងកំពុងបន្តនិតិវិធី សរុបចំនួន ៩៨,៧៩៤ ក្បាលដី ក្បាលដីមិនទាន់វាស់វែងសរុបចំនួន ២០,១៦៩ ក្បាលដី។ចំពោះក្បាលដីដែលបានវាស់វែង និងកំពុងបន្តនីតិវិធី សរុបចំនួន ៩៨.៧៩៤បណ្ណ/ក្បាលដី ក្នុងនោះ បានប្រមូលទិន្នន័យ ចំនួន ៧៨.៧០៧ ក្បាលដី បានបញ្ចូលទិន្នន័យ ចំនួន ៥៩.៩៦០ ក្បាលដី។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាCCFC ដែលធ្វើការជាមួយអ្នកដែលមានវិវាទដីធ្លីបានមានប្រសាសន៍ថាអ្វីដែលធ្វើពន្លឿនការដោះស្រាយវិវាទដីធ្លីនៅខេត្តក្រចេះឱ្យឆាប់ចប់គឺត្រូវសិក្សាឱ្យបានច្បាស់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដហើយការសិក្សានោះគឺត្រូវតែធ្វើដោយភាពស្ងប់ស្ងាត់ដើម្បីបានលទ្ធផលពិតជាក់ស្ដែង និងអាចប្រើយុទ្ធសាស្ត្រកាត់ឆ្វៀល ឬក៏ការផ្ដល់ជាដីសម្បទានសេដ្ឋកិច្ចដែលបានរងផលប៉ះពាល់ពិតប្រាកដ។
ក្រោយពីបានស្ដាប់ភាគីពាក់ព័ន្ធបានលើកឡើង ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា អ្វីដែលអ្នកចូលរួមបានលើកឡើងក្នុងកិច្ចប្រជុំនេះគឺជាពន្លឺមួយដែលអាចឈានទៅដល់ការដោះស្រាយវិវាទដីធ្លីនៅខេត្តក្រចេះ យ៉ាងឆាប់រហ័ស៕
29-មេសា-2025 - ម៉ោង 01:58:PM
28-មេសា-2025 - ម៉ោង 02:53:PM
26-មេសា-2025 - ម៉ោង 03:03:PM
25-មេសា-2025 - ម៉ោង 12:15:PM