អត្ថបទ៖ សំនៀង
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តដែលផ្សព្វផ្សាយដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា បានជម្រាបដល់សាធារណជនព្រមទាំងគ្រប់មន្ទីរ គ្រប់អង្គភាព និងគ្រប់ស្ថាប័ន ឬ ភ្នាក់ងារហិរញ្ញវត្ថុដែលមានការពាក់ព័ន្ធ នឹងក្បាលដីទាំងអស់ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យនៃ ភូមិទួលក្រសាំង និងភូមិម៉ឺនដាំ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដើម្បីចូលរួមពិនិត្យលើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យដើម្បីបញ្ជាក់ពីភាព ត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនេះក្នុងរយៈពេល ១៥ថ្ងៃ(ដោយរាប់បញ្ចូលទាំងថ្ងៃ ឈប់សម្រាក) គិតចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ជាកំហិត។
សេចក្តីជូនដំណឹងបន្តថា ទីតាំងបិទផ្សាយឯកសារនៃការវិនិច្ឆ័យនៅភូមិទួលក្រសាំង និងភូមិម៉ឺនដាំនេះ គឺស្ថិតនៅបរិវេណវត្តអូរជុំ ក្នុងភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។ សេចក្តីជូនដំណឹងបញ្ជាក់ថា ផុតកំណត់រយៈពេលខាងលើ គណៈកម្មការរដ្ឋបាលសន្មត់ថាទិន្នន័យដែលបានបើកចំហរជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។
សូមបញ្ជាក់ថា ផុតរយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលនឹងធ្វើការបូកសរុប ហើយលើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុទៅរដ្ឋបាលខេត្តកំពត ដើម្បីសម្រេចរួចបញ្ចូនឱ្យរដ្ឋបាល សុរិយោដី ចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញ គ្រប់លក្ខណៈតាមច្បាប់។ គណៈកម្មការរដ្ឋបាលនឹងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទផ្សាយដើម្បីរង់ចាំទទួលពិគ្រោះ និងផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ៕
រូបភាព៖ ក្រសួងរៀបចំដែនដី
29-មេសា-2025 - ម៉ោង 01:58:PM
28-មេសា-2025 - ម៉ោង 02:53:PM
26-មេសា-2025 - ម៉ោង 03:03:PM
25-មេសា-2025 - ម៉ោង 12:15:PM