អត្ថបទ៖ សំនៀង
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា សាធារណជន គ្រប់មន្ទីរ អង្គភាព និងស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានការពាក់ព័ន្ធនឹងក្បាលដីទាំងអស់ ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិរលាំងបែង ភូមិត្រោកលាក់ ភូមិក្រាំងរំពាត់ និងភូមិព្រៃទីទុយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គណៈកម្មការរដ្ឋបាលនឹងធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារសុរិយោដី រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមប្រតិបត្តិកម្មវិធីបានធ្វើការ វាស់វែង និងប្រមូលទិន្នន័យ ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធកន្លងមក។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានស្នើឲ្យសាធារណជន និងអង្គភាពនានា ដែលមានការពាក់ព័ន្ធនឹង ដីធ្លីក្នុងតំបន់វិនិច្ឆ័យខាងលើ មេត្តាចូលរួមពិនិត្យទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល ១៥ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃចន្ទ ទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំហិត ទីតាំងស្ថិតនៅបរិវេណវត្តឥន្ទរង្សី (ហៅវត្តត្បែង)។
គណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបើកចំហជូនពិនិត្យជាសាធារណៈនេះមានភាពត្រឹមត្រូវ ហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានឡើយ។
សូមបញ្ជាក់ថាៈ រយៈពេលកំណត់នៃការបិទផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាលនឹង ធ្វើការបូកសរុប ហើយលើកសំណើផ្តល់សិទ្ធិលើអចលនវត្ថុ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់។ គណៈកម្មការរដ្ឋបាលនឹងដាក់ទីតាំងបណ្ដោះអាសន្ននៅកន្លែងបិទផ្សាយ ដើម្បីរង់ចាំទទួលការពិគ្រោះ និងផ្តល់យោបល់ដល់អ្នកដែលមានសំណូមពរ៕
ប្រភពរូបភាព៖ ក្រសួងដែនដី
21-ឧសភា-2025 - ម៉ោង 04:46:PM
20-ឧសភា-2025 - ម៉ោង 11:12:AM
16-ឧសភា-2025 - ម៉ោង 02:16:PM
12-ឧសភា-2025 - ម៉ោង 12:45:PM