ក្រសួងចំនួនបីឯកភាពគ្នាលើរបាយការណ៍វឌ្ឍនភាព និងសំណើរបស់ក្រុមការងារត្រី-វិស័យ លើចំណុចសំខាន់ៗចំនួន៣
អត្ថបទ៖ សំនៀង
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមស្ដីពី «កិច្ចប្រជុំត្រី-វិស័យលើកទី៤ស្ដីពីកសិកម្ម-ទឹក-ជនបទ» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានឯកភាពគា្នលើរបាយការណ៍វឌ្ឍនភាព និងសំណើរបស់ក្រុមការងារត្រី-វិស័យ លើចំណុចសំខាន់ៗចំនួន៣។
ចំណុចសំខាន់ទាំងនោះរួមមាន ១. ផែនការសកម្មភាព៣ឆ្នាំរំកិល(២០២៥-២០២៧) និងផែនការប្រចាំ២០២៥ ២. ប្រើថវិការាជរដ្ឋាភិបាល(តាមក្រសួង) សម្រាប់គ្រោងសកម្មភាពឆ្នាំ២០២៦ បន្តគាំទ្រដល់សកម្មភាពរបស់ សហគមន៍គោលដៅឆ្នាំ២០២៥ និងសហគមន៍ដែលនឹងត្រូវកំណត់បន្ថែមចំនួន៥ទៀត ក្នុងឆ្នាំ២០២៦ និង ៣. ឯកសារទស្សនទានសម្រាប់រៀបចំ ការសិក្សារៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រត្រី-វិស័យរយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ដើម្បីតម្រង់ទិសការងារត្រី-វិស័យ និងជាឧបករណ៍ដើម្បីកៀរគរធនធាន។
លទ្ធផលនៃការសម្រេចនេះត្រូវបានធ្វើឡើងក្រោយពីក្រសួងទាំង៣បានបើកិច្ចប្រជុំ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាដឹកនាំកិច្ចប្រជុំត្រី-វិស័យលើកទី៤ ស្តីពី កសិកម្ម-ទឹក-ជនបទ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើបសហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លេខាធិការដ្ឋាននិងមន្ត្រីជំនាញ នៃក្រសួងទាំង៣។
ក្នុងប្រសាសន៍ស្វាគមន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ពីសមិទ្ធផលជាក់ស្តែង ដែលយន្តការត្រី-វិស័យសម្រេចបានក្នុងពេលកន្លងមក រួមមានការ ចាប់ផ្តើមអនុវត្តកិច្ចអន្តរាគមន៍រួមគ្នានៅក្នុងសហគមន៍ចំនួន៣ និងការត្រៀមបញ្ចូលសហគមន៍អាទិភាព ជាបន្តបន្ទាប់ទៀត នៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ខ្លួន។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី យន្តការត្រី-វិស័យ បានប្រែក្លាយពីគំនិតផ្ដួចផ្ដើមមួយ ទៅជាយន្តការអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលផែនការអភិវឌ្ឍន៍យូរអង្វែង រវាងវិស័យទាំង៣ ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ សំដៅគាំទ្រដល់ការលើកកម្ពស់ជីវភាព ប្រជាកសិករនៅទីជនបទ និងការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋាន។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងការសាទរចំពោះលទ្ធផល ការងារត្រី-វិស័យ ដែលសម្រេចបានគួរជាទីកត់សម្គាល់ ហើយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អះអាងផងដែរ ពីការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការបន្តពង្រឹង និងលើកកម្ពស់សមិទ្ធកម្ម ដើម្បីចូលរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងរបស់ការងារត្រី-វិស័យ ជាពិសេសការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចវិស័យកសិកម្ម តាមរយៈ ការកសាងអាងស្តុកទឹក ប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈពេញលេញ និងការប្រើប្រាស់កម្មវិធីទាញយក ព័ត៌មានកសិ-ឧតុនិយម។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងការសាទរចំពោះការខិតខំ ប្រឹងប្រែងនិងកិច្ចសហការរបស់ក្រសួងទាំង៣ ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើមលេចចេញជាផ្លែផ្កា។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់ក្រសួងទាំង៣ ដែលជាសហថាមពលគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អះអាងពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការចូលរួមគាំទ្រ និងអនុវត្តសកម្មភាពការងារតីវិស័យ៕
27-ឧសភា-2025 - ម៉ោង 09:37:AM
21-ឧសភា-2025 - ម៉ោង 02:34:PM
20-ឧសភា-2025 - ម៉ោង 01:31:PM
19-ឧសភា-2025 - ម៉ោង 02:38:PM