អត្ថបទ៖ សហការ
គិតត្រឹមម៉ោង ៤រសៀលថ្ងៃទី ២៦ខែឧសភានេះ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយស្ទើរ១០០ភាគរយហើយ ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ស៊ុន មេសាបញ្ជាក់នៅថ្ងៃទី២៦ ខែឧសភានេះ។
ឯកឧត្តម ស៊ុន មេសា បានថ្លែងថា៖«ចាប់តាំងពីព្រឹកថ្ងៃទី ២៦ខែឧសភានេះ មន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង បានសម្របសម្រួល ដោយមានសមាសភាពពីតំណាងកម្មករនិយោជិត អ្នកពិនិត្យគុណភាព ប្រធានក្រុមតាមផ្នែកនីមួយៗ បានស្នើទៅក្រុមហ៊ុនចំនួន ១០ចំណុច ក្នុងនោះគិតត្រឹមម៉ោង ៤រសៀលនេះ ភាគីទាំងអស់បានសម្រេចឯកភាពគ្នាចំនួនរហូតទៅដល់ ៨ចំណុច។ដោយនៅសល់តែពីរចំណុចទៀតតែប៉ុណ្ណោះដែលភាគីទាំងពីរនឹងត្រូវបន្តជជែកពិភាក្សាគ្នាបន្ថែមទៀត»។
សំណើដប់ចំណុចនោះរួមមាន ការថែមម៉ាស៊ីនស្គែនវត្តមានឱ្យច្រើនជាងមុន, សំណើររៀបចំរោងអាហារ, ការសម្រួលម៉ោងពេលដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនខ្ចី, ការសម្អាតអនាម័យក្នុងបន្ទប់ទឹក, ការផ្តល់ប្រាក់ថែទាំសុខភាព, ការផ្តល់ប្រាក់ជំនាញ, និងការបើកប្រាក់ឈ្នួលទៀងទាត់ជាដើម។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាងថា៖ “ក្រសួងទទួលយករាល់សំណើរបស់កម្មករកម្មការិនីយកមកពិនិត្យ ហើយក្រសួងក៏ស្ដាប់ហេតុផលខាងភាគីក្រុមហ៊ុនផងដែរ។ ជាមួយគ្នានេះសំណើរបស់បងប្អូនកម្មករកម្មការិនី ក៏ត្រូវផ្ទៀងផ្ទាត់ជាមួយនឹងច្បាប់ និងភាពសមហេតុផលសមរម្យនៃការទទួលយកបានទាំងអស់គ្នាផងដែរ”។
ឯកឧត្តមបន្តថា ដោយឈរលើស្មារតីយោគយល់គ្នាអធ្យាស្រ័យល្អ ការសម្របសម្រួលសម្រាប់នៅក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.កនេះទទួលបានលទ្ធផលលឿន ហើយរហ័សនៅឈានមកដល់រហូតទៅដល់ ៨ចំណុច ក្នុងចំណោម ១០ចំណុច ដែលទាំងនេះ គឺជារឿងមួយដែលសបញ្ជាក់ថា បងប្អូនកម្មករកម្មការិនី និងក្រុមហ៊ុន មានភាពចាស់ទុំ និងចេះយោគយល់អធ្យាស្រ័យគ្នាបានយ៉ាងល្អ ដើម្បីធានាថា បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសបានវិវត្តល្អ និងកាន់តែប្រសើរបន្ថែមទៀត។
អ្នកនាំពាក្យរូបនេះថា ដោយឡែកចំណុចដែលនៅសែលចំនួនពីរចំណុចនេះ ភាគីទាំងអស់នឹងបន្តដោះស្រាយនូវថ្ងៃស្អែកជាបន្តទៀតក្រោមការយល់ចិត្តទុកដាក់ និងតាមដានពីមន្រ្តីជំនាញនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងផងដែរ៕
រូបភាព៖ ក្រសួងការងារ
27-ឧសភា-2025 - ម៉ោង 09:37:AM
21-ឧសភា-2025 - ម៉ោង 02:34:PM
20-ឧសភា-2025 - ម៉ោង 01:31:PM
19-ឧសភា-2025 - ម៉ោង 02:38:PM