សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ

04-មេសា-2025 - ម៉ោង 02:33:PM

អត្ថបទ៖ សនៀង

នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ ទទក នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា នៅក្នុងពេលថ្មីៗនេះ ប្រធានាធិបតី អាមេរិច លោក ដូណាល់ ត្រាំ បានធ្វើការកំណត់ពន្ធបន្ថែមថ្មីមកលើកម្ពុជា ក៏ដូចជាប្រទេសមួយចំនួនទៀតដែលអាមេរិចមានឱនភាពពាណិជ្ជកម្មជាមួយ។ លោកជំទាវ បានបញ្ជាក់ថា នៅពេលដែលតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មមិនមានលំនឹង លោកដូណាល់ ត្រាំ បានដាក់នូវយន្តការមួយដើម្បីធ្វើឱ្យមានលំនឹងនៃជញ្ជីងពាណិជ្ជកម្មឡើងវិញ។ នៅក្នុងនោះ ប្រទេសកម្ពុជាក៏ជាប្រទេសដែលនាំចូលនូវទំនិញលេចធ្លោមួយទៅកាន់សហរដ្ឋអាមេរិច។ លោកជំទាវបានពន្យល់បន្ថែមថា កម្ពុជានៅក្នុងនាមជាប្រទេសសមាជិករបស់ WTO នឹងប្រទេសចំនួន១៦៦ផ្សេងទៀត បានកំណត់នូវចំនួនពន្ធគយជាមួយគ្នាជារួមគ្នា ដែលនៅក្នុងនោះកម្ពុជាត្រូវបានកំណត់ចំនួនពន្ធគយរបស់ខ្លួន មិនថាមកពីប្រទេសសហរដ្ឋអាមេរិច ឬមកពីប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗនោះទេ គឺចាប់ផ្ដើមពី០% រហូតដល់អស់កម្ពស់ត្រឹមចន្លោះ ៣៥%។

លោកជំទាវ បានលើកឡើងបន្ថែមទៀតថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ នៅក្នុងជញ្ជីងពាណិជ្ជកម្មលើការនាំចូលរបស់ផលិតផលអាមេរិចមកកាន់កម្ពុជា ដែលមានបរិមាណប្រហាក់ប្រហែលជិត៣០០លានដូល្លារនេះ បន្ទាត់ពន្ធខ្ពស់បំផុតទៅលើផលិតផលនាំចូលពីអាមេរិចមកកាន់កម្ពុជាមានត្រឹមតែ ២៩,៤%ទេ។ លោកជំទាវបានពន្យល់ថា ដោយសារតែទំហំនៃកម្លាំងបញ្ជាទិញរបស់អាមេរិចលើទៅទំនិញចេញពីកម្ពុជាមានចំនួនច្រើន ដែលបង្ហាញឱ្យឃើញថាទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិច គឺជាទីផ្សារដែលបានស្រូបទាញនូវផលិតកម្មរបស់កម្ពុជា។ ចំពោះការដំឡើងពន្ធរហូតដល់៤៩%នេះ អាចនឹងមានផលប៉ះពាល់មកលើកម្ពុជាមុនដំបូងគេនោះគឺទៅលើអ្នកដែលបញ្ជារទិញ និងអ្នកប្រើប្រាស់ផ្ទាល់។

ជាមួយគ្នានេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាតើមានផលប៉ះពាល់ខ្លាំងដល់កម្មករ និងប្រជាពលរដ្ឋយើងដែរឬទេ?

ឯកឧត្តម បានបញ្ជាក់ថា ជាការពិតការតំឡើងពន្ធនេះអាចមានផលប៉ះពាល់ខ្លះ ប៉ុន្តែយើងអាចគ្រប់គ្រងបាន ព្រោះការដាក់ពន្ធនេះជាការដាក់ទូទាំងពិភពលោក គ្រាន់តែដាក់ក្នុងអាត្រាខុសគ្នា អាស្រ័យទោះលើជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងប្រទសនីមួយៗតែប៉ុណ្ណោះ។ ឯកឧត្តមបន្ថែមថា កន្លងទៅកម្ពុជាក៏មានការបង់ពន្ធដែរ មិនមែនអត់បង់ពន្ធទាំងស្រុង តាមប្រព័ន្ធ GSP នោះទេ ដោយលោកប្រធានាធិបតី ត្រាំ ក៏បានដំឡើងពន្ធ ៤៦% លើប្រទេសវៀតណាម និងដំឡើងពន្ធលើប្រទេសបង់ក្លាដេសក្នុងអាត្រាមួយខ្ពស់ផងដែរ។ ឯកឧត្តមបន្ថែមទៀតថា អញ្ចឹងវាមិនបង្កឱ្យមានការលម្អៀងខ្លាំងលើថ្លៃដើមផលិតនៅកម្ពុជា ធៀបនឹងប្រទេសដទៃដែលជាដៃគូប្រជែងយើងនោះទេ។

សម្រាប់ឆ្នាំ២០២៥នេះ ផលប៉ះពាល់គឺមិនមាននោះទេ ដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដេរ គឺមានមុនពេលដែលពន្ធត្រូវបានដាក់ ហើយការដាក់ពន្ធនេះគឺមិនមែនដាក់តែលើកម្ពុជានោះទេ គឺដាក់គ្រប់ប្រទេសដែលនាំចេញសម្លៀកបំពាក់។ ប្រសិនជាគេលុបចោលការបញ្ជាទិញ គេក៏ត្រូវបង់ការពិន័យនៃការលុបចោល ដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធ។ ចំណែកវិស័យស្បែកជើង ការបញ្ជាទិញគឺភាគច្រើនគឺដាក់ ៣ឆ្នាំ ជាប់គ្នា។ ដូច្នេះការបញ្ជាទិញឆ្នាំនេះ គឺសម្រាប់ឆ្នាំ២០២៦ និង ២០២៧ផងដែរ។ ប៉ុន្តែឆ្នាំ២០២៧ អាចមានបញ្ហាប្រឈមខ្លះ ប្រសិនជាស្ថានភាពពន្ធនេះមានការបន្ធូរបន្ថយចំពោះប្រទេសគេ ប៉ុន្តែមិនមានការបន្ធូរបន្ថយសម្រាប់កម្ពុជាយើង។ ការនាំចេញរបស់យើងក្នុងរយៈពេល ៥ឆ្នាំ ជាប់ៗគ្នានេះ គឺទៅអឺរ៉ុប ច្រើនជាងអាមេរិក។ ដូច្នេះយើងមានលទ្ធភាពពង្រីកទីផ្សារអឺរ៉ុបបន្ថែមទៀត។ ទាំងនេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ហេង សួរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមយ៉ាងដូច្នេះថា «ហេតុនេះយើងវាយតម្លៃថាការដំឡើងពន្ធនេះវាមិនប៉ះពាល់ ១០០% សម្រាប់វិស័យនាំចេញរបស់យើងនោះទេ។ យើងនឹងបន្តធ្វើការជាមួយអាមេរិក និងបង្កើតឱ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ដើម្បីរក្សាឧត្តមភាពផលិកម្មរបស់យើង»។

សូមបញ្ជាក់ជូនផងដែរថា ការឆ្លើយតបរបស់រដ្ឋមន្ត្រីនៃក្រសួងទាំងពីរនេះ ធ្វើឡើងក្រោយពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញក្នុងកម្រិត៩៧% កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ហើយការដំឡើងពន្ធនេះ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ៕

ព័ត៌មានទាក់ទង

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦​ ក្រសួងការងារ  បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុងតំបន់» សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ នៅឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន៣៨ម៉ឺនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់អភិបាលខេត្តទាំងអស់បង្កើនភូមិមួយផលិតផលមួយឱ្យកាន់តែច្រើន ពលករខ្មែរមកពីប្រទេសថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៥ចំណុចដល់សហព័ន្ធស្រូវអង្ករកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា ស្នើ ABC និងCMA ជួយសម្រួលបំណុលពលករវិលត្រលប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម