អត្ថបទ៖ វិចិត្រ
ថ្លែងក្នុងពិធីប្រារពទិវាមច្ឆជាតិ ១ កក្កដា ២០២៥ នាទឹកដីស្រុកបាទី ខេត្តតាកែវ នៅថ្ងៃអង្គារម្សិលមិញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍ទៅដល់អភិបាលខេត្តទាំងអស់ឱ្យផ្តួចផ្តើមបង្កើតឱ្យមានភូមិមួយផលិតផលមួយឱ្យកាន់តែច្រើន និងចលនាឱ្យមហាជនគាំទ្រផលិតផលទាំងនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អ៊ីចឹងយើងចាប់ផ្តើម បើទូទាំងប្រទេសបាន វាចាប់ផ្តើមពីភូមិមួយ ពីស្រុកមួយ ពីឃុំមួយ។ ឥឡូវខេត្តមួយៗសាកមើល ខេត្តមួយអាចមានផលិតអីទេ? ល្អចៅហ្វាយខេត្តចលនាប្រជាពលរដ្ឋនៅក្នុងខេត្តគាំទ្រអាហ្នឹងទៅ ហើយចៅហ្វាយខេត្តនាំដើរលក់ទូទាំងប្រទេសផលិតផលនោះទៅ។ ឥឡូវបើមួយខេត្តយកផលិតផលមួយលក់ទូទាំងប្រទេសជួយជំរុញ ហើយរួច២៥ខេត្តបាន២៥មុខ។ ម្យ៉ាងដែរតើ។»
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្តីបែបនេះ ស្របពេលដែលកម្ពុជាកំពុងមានវិបត្តិបិទច្រកព្រំដែនជាមួយប្រទេសថៃ ដែលធ្វើឱ្យប៉ះពាលដល់លំហូរនៃទំនិញមួយចំនួន ខណៈប្រជាពលរដ្ឋមួយចំនួនហាក់មាននិន្នាកាបំផុសគំនិតឱ្យគាំទ្រផលិតផលខ្មែរ យ៉ាងព្រោងព្រាត នៅតាមបណ្តាញសង្គម។
ជាមួយគ្នានេះដែរសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រសួងស្ថាប័នរដ្ឋដែលពាក់ព័ន្ធទាំងអស់ឱ្យសហការជាមួយក្រុមហ៊ុនសហគ្រាសវិស័យឯកជន ធ្វើការបង្កើនផលិតភាពផលិតបន្ថែម មិនសម្រាប់តែការផ្គត់ផ្គង់ក្នុងស្រុកប៉ុណ្ណោះទេ ក៏ដូចជាការត្រៀមនាំចេញទៅក្រៅប្រទេសផងដែរ។
សម្តេចមានប្រសាសន៍យ៉ាងដូច្នេះ«ត្រូវធ្វើកិច្ចការងារនេះបន្ត ជំរុញកសិឧស្សាហកម្មយ៉ាងណាឱ្យកាន់តែច្រើនបូកជាមួយនឹងការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅទិសខាងលិចរបស់យើង ដើម្បីជំរុញកសិឧស្សាហកម្ម ដើម្បីជំរុញនូវការច្នៃប្រឌិតនូវផលិតផលកសិកម្មនៅនឹងកន្លែង ដើម្បីនាំចេញទៅទីផ្សារឱ្យបានច្រើននៅលើពិភពលោក ដើម្បីធ្វើពិពិធម្មសេដ្ឋកិច្ចរបស់យើង។»
ក្នុងនោះសម្តេចក៏បានសង្កក់ធ្ងន់ដែរថា ដើម្បីឱ្យមានការគាំទ្រពីអតិថិជនអ្នកប្រើប្រាស់ទៅបាន លុះណាតែក្រុមហ៊ុន សហគ្រាស ត្រូវគិតគូរពី បរិមាណ គុណភាព និងតម្លៃ នូវផលិតផលរបស់ខ្លួន។
តាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញប្រមាណជាង ២៦,១៩ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស កើនឡើង១៥,៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយក្នុងនោះទីផ្សារនាំចេញធំរបស់កម្ពុជារួមមាន សហរដ្ឋអាមេរិក វៀតណាម និងចិន៕
14-សីហា-2025 - ម៉ោង 03:53:PM
13-សីហា-2025 - ម៉ោង 05:14:PM
15-កក្តដា-2025 - ម៉ោង 09:34:AM
04-កក្តដា-2025 - ម៉ោង 03:41:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា