សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»

13-សីហា-2025 - ម៉ោង 05:14:PM

អត្ថបទ៖ កែវ រតនៈ

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ សហភាពអឺរ៉ុប និងអង្គការអុកស្វាម រួមជាមួយវិទ្យាស្ថានតស៊ូមតិ និង​គោល​នយោបាយ អង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការសីលកា ប្រកាសជាផ្លូវការស្តីពីការអនុវត្តគម្រោង ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ គម្រោងដែលមានរយៈពេល​៣ឆ្នាំ (ចាប់ពីខែមិថុនា ២០២៥ ដល់ ខែឧសភា ២០២៨)​ និងផ្តល់មូលនិធិដោយសភាពអឺរ៉ុបចំនួន ៣,៥ លានអឺរ៉ូ នេះមានគោលបំណងពង្រឹងការចូលរួមរបស់ពលរដ្ឋ  បង្កើនតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញវត្ថុសាធារណៈ។

ក្នុងពិធីប្រកាសអនុវត្តគម្រោងដែលធ្វើឡើងនៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជាបានមានប្រសាសន៍ថា តាមរយៈការអនុវត្តគម្រោង ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  នឹងរំពឹងទុកថា ប្រជាពលរដ្ឋប្រមាណ ១.៨៥០.០០០ នាក់ (ស្ត្រី ៥០%) នឹងទទួលផលដោយប្រយោលតាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយ និងយុទ្ធនាការតាមប្រព័ន្ធឌីជីថល ខណៈដែលប្រជាជនកម្ពុជាទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋដែលមានការយល់ដឹងស៊ីជម្រៅ និងចូលរួមសកម្មនៅក្នុងកម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ លទ្ធផលសំខាន់ៗដែលគម្រោងរំពឹងទុកមានចំនួន​បីសំខាន់ៗ គឺ៖ អង្គការសង្គមស៊ីវិល និងបណ្តាញរបស់ខ្លួន នឹងបានបង្កើនសមត្ថភាព និងការសម្របសម្រួលនៅក្នុងការកៀរគរមតិ ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ថវិកានៅក្នុងវិស័យអប់រំ កិច្ចគាំពារសង្គម សេវាសាធារណៈ និងធនធានធម្មជាតិ តាមរយៈគំនិតផ្តួចផ្តើមរួមគ្នា និងសកម្មភាពកសាងសមត្ថភាពក្រុមគោលដៅ។ កំណើនការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការរៀបចំបង្កើតគោលនយោបាយរបស់រដ្ឋាភិបាល និងការអនុវត្តតាមរយៈកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធ និងដោយការភ្ជាប់ទំនាក់ទំនងរវាងបញ្ហាប្រឈម ក្នុងមូលដ្ឋានជាមួយគោលនយោបាយ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ជាតិ។ យុវជន ស្ត្រី និងក្រុមងាយរងគ្រោះ នឹងបានចូលរួមយ៉ាងសកម្ម និងធ្វើការកៀរគរមតិដើម្បីតម្លាភាព គណនេយ្យភាព ថវិកានៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅ​ក្នុងកម្មវិធីប្រកាសចាប់ផ្តើមគម្រោង ការពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថា គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនេះបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរួមគ្នារវាងសហភាព​អឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹង​​តម្លាភាពសារពើពន្ធ និងគណនេយ្យភាព ដោយមានការចូលរួមពីប្រជាពលរដ្ឋ។ លោកបានកត់សម្គាល់ថា តាមរយៈការពង្រឹងយន្តការត្រួតពិនិត្យ និងបង្កើតឱ្យមានលំហូរចូលរួមជាសាធារណៈថែមទៀត ហើយគម្រោងនេះរួមចំណែកដល់អភិ​បាលកិច្ចបែបបរិយាបន្ន និង ឆ្លើយតប។ លោកបានបញ្ជាក់ថា ការលើកកម្ពស់សិទ្ធិដល់ពលរដ្ឋក្នុងការចូលរួមការគ្រប់គ្រងធនធានសាធារណៈមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្តសាធារណៈ និងធ្វើឲ្យប្រសើរសេវាសាធារណៈ។

ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានមានប្រសាសន៍ថា ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាត្រូវបានយកចិត្តទុកដាក់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការចូលរួមការអង្កេតលើការបើកចំហថវិកា ដែលប្រព្រឹត្តទៅជារៀងរាល់ ២ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨មក ។ លោកក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អ ជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក ដែលជាលទ្ធផលពិន្ទុ OBS របស់កម្ពុជាមានការកើនឡើងខ្លាំង នៅឆ្នាំ ២០២៣  ដោយទទួលបាន ៤៣ ពិន្ទុ ធៀបនឹង ៣៣ ពិន្ទុ នៅឆ្នាំ២០២១ ៕

រូបភាព៖ OXFAM

ព័ត៌មានទាក់ទង

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចប្រជុំ៤លើកទៀតដោយកំណត់ឱ្យចប់មុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៦​ ក្រសួងការងារ  បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្ន​ភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា និង​ក្នុងតំបន់» សហភាពអឺរ៉ុប និងអង្គការអុកស្វាមប្រកាសអនុវត្តគម្រោង« ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧របស់សម្តេចធិបតី រោងចក្រសហគ្រាសកើនជាង៥,៣ពាន់ នៅឆមាសទី១ នៃឆ្នាំ២០២៥ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសចំនួន៣៨ម៉ឺនតោន សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ដល់អភិបាលខេត្តទាំងអស់បង្កើនភូមិមួយផលិតផលមួយឱ្យកាន់តែច្រើន ពលករខ្មែរមកពីប្រទេសថៃចំនួន ៣៤នាក់ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចក្នុងខេត្តកោះកុងក្រោយវិលមកកម្ពុជាវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដល់នូវអនុសាសន៍គន្លឹះចំនួន៥ចំណុចដល់សហព័ន្ធស្រូវអង្ករកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា ស្នើ ABC និងCMA ជួយសម្រួលបំណុលពលករវិលត្រលប់ពីប្រទេសថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម