អត្ថបទ៖ កែវ រតនៈ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ អង្គការ អុកស្វាម បានរៀបចំសិក្ខាសាលា ស្តីពីការលើកកម្ពស់ផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាពពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងវៀតណាម នៅរាជធានីភ្នំពេញអ្នកចូលរួមសិក្ខាសាលានេះ រួមមានតំណាងក្រុមហ៊ុនដាំដុះ និងកែច្នៃកៅស៊ូពីកម្ពុជា និងវៀតណាម ទីភ្នាក់ងារអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល កសិករកៅស៊ូខ្នាតតូច និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មកៅស៊ូ និងនិរន្តរភាព។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំនៅកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធីថា "ខណៈពេលដែលការអនុវត្តបទប្បញ្ញត្តិស្តីពីការកាប់បំផ្លាញព្រៃឈើ(EUDR) ទំនងជាជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងរបៀបដែលកៅស៊ូត្រូវបានផលិត ប្រភពប្រមូលទិញ និងការជួញដូរ និងលើកកម្ពស់និរន្តរភាពនៅក្នុងខ្សែច្រវ៉ាក់តម្លៃកៅស៊ូ កសិករកៅស៊ូខ្នាតតូចអាចនឹងប្រឈមទៅនឹងការផាត់ចេញ ប្រសិនបើពួកគេខ្វះសមត្ថភាពក្នុងការសម្របខ្លួន ឬទទួលបានការគាំទ្រគ្រប់គ្រាន់។" នេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីភាគីពាក់ព័ន្ធពីរដ្ឋាភិបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។
លោកស្រីបានបន្តថា"អង្គការអុកស្វាមកំពុងតែធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការបង្កើតគោលការណ៍ណែនាំកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា កែសម្រួលសៀវភៅណែនាំអំពីការចូលរួមសហគមន៍ពីប្រទេសវៀតណាមអោយស្របតាមបរិបទច្បាប់របស់កម្ពុជា ផ្តល់វគ្គបណ្តុះបណ្តាលជំនាញស្តីពីការចូលរួមសហគមន៍ និងសមភាពយេនឌ័រដល់ក្រុមហ៊ុនសមាជិកនៃសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជា និងវៀតណាម។ លើសពីនេះ អង្គការអុកស្វាម និងដៃគូរបស់ខ្លួនគាំទ្រដល់ការកៀងគរអ្នកផលិតកៅស៊ូខ្នាតតូច ដើម្បីផ្តល់សិទ្ធិអំណាចដល់ការចរចារបស់ពួកគេលើតម្លៃជ័រជាមួយពាណិជ្ជករ និងបង្កើនសាមគ្គីភាព និងការចែករំលែកចំណេះដឹងក្នុងវិស័យនេះ” ។
លោកស្រីបន្ថែមថាដោយសារទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមជុំវិញការផលិត និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ និងការកើតឡើងនៃបទប្បញ្ញត្តិគ្មានការកាប់បំផ្លាញព្រៃឈើពីទីផ្សារធំៗ វាមានសារៈសំខាន់ណាស់ក្នុងការទទួលបានការយល់ដឹងរួមអំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់បច្ចុប្បន្ននៃកៅស៊ូធម្មជាតិរវាងប្រទេសទាំងពីរ។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ សិក្ខាសាលាមួយដែលមានចំណងជើងថា “ការលើកកម្ពស់ផលិតកម្មកៅស៊ូប្រកបដោយនិរន្តរភាព ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា និងវៀតណាម” ត្រូវបានរៀបចំឡើងក្នុងគោលបំណងនេះ។ សិក្ខាសាលាដែលសហការរៀបចំដោយអង្គការចំនួនបីគឺ អង្គការអុកស្វាមប្រចាំនៅកម្ពុជា សមាគមកៅស៊ូវៀតណាម និង Forest Trends ដែលសិក្ខាសាលានេះរៀបចំឡើងនៅភ្នំពេញ។
លោកស្រី Phan Tran Hong Van តំណាង សមាគមន៍កៅស៊ូវៀតណាម (VRA) មានប្រសាសន៍ថា "ក្រុមហ៊ុនវៀតណាមដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម និងក្នុងប្រទេសផ្សេងទៀត រួមទាំងនៅក្នុងប្រទេសកម្ពុជា កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុលោមតាមតម្រូវការទីផ្សារ។ EUDR បង្ហាញទាំងឱកាស និងបញ្ហាប្រឈមសម្រាប់វិស័យកៅស៊ូរបស់យើង។ ក្រុមហ៊ុនដែលមានធនធាន និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងស្តង់ដារគ្រប់គ្រងគុណភាព និងបរិស្ថាននឹងមានអត្ថប្រយោជន៍ធៀបនឹងក្រុមហ៊ុនដែលគ្មាន។ ម៉្យាងទៀត ខ្សែច្រវ៉ាក់ផ្គត់ផ្គង់បច្ចុប្បន្នគឺស្មុគស្មាញណាស់ ដែលពាក់ព័ន្ធនឹងពាណិជ្ជករជាច្រើនកំរិត និងអកសិកខ្នាតតូចជាច្រើន " ។
បើតាមលោកប្រសាសន៍របស់លោក Phuc To មកពីអង្គការ Forest Trends ឱ្យដឹងថា លក្ខណៈអន្តរទំនាក់ទំនងនៃផលិតកម្ម និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ ក្នុងតំបន់មេគង្គ និងជាពិសេសរវាងកម្ពុជា និងវៀតណាម ធ្វើឱ្យមានភាពស្មុគស្មាញដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ វៀតណាមដើរតួនាទីពិសេសមួយក្នុងការផលិត និងពាណិជ្ជកម្ម និងការវិនិយោគទៅក្នុងកៅស៊ូធម្មជាតិក្នុងតំបន់។ គំរូផលិតកម្ម និងពាណិជ្ជកម្មឆ្លងដែនបច្ចុប្បន្នរបស់កៅស៊ូធម្មជាតិរវាងវៀតណាម និងប្រទេសផ្សេងទៀតក្នុងទន្លេមេគង្គ ធ្វើឱ្យមានការប្រកួតប្រជែង ប្រសិនបើមិនអាចតាមដានផលិតផលតាមខ្សែច្រវ៉ាក់ផ្គត់ផ្គង់បាន”។
ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាមរយៈការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ។ ប្រទេសកម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមសម្រាប់ការវិនិយោគលើផលិតកម្មកៅស៊ូធម្មជាតិ និងជាអ្នកនាំចេញកៅស៊ូធម្មជាតិដ៏សំខាន់របស់វៀតណាម។ ទិន្នន័យគយរបស់វៀតណាមបង្ហាញថា នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ឬជាង ៦៤% នៃការនាំចូលសរុបរបស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារ។ បរិមាណនាំចូលពីកម្ពុជាស្ទើរតែស្មើនឹងផលិតកម្មក្នុងស្រុករបស់ប្រទេសវៀតណាម៕
រូបភាព៖ OXFAM
04-មេសា-2025 - ម៉ោង 02:33:PM
03-មេសា-2025 - ម៉ោង 02:47:PM
01-មេសា-2025 - ម៉ោង 03:28:PM
27-មិនា-2025 - ម៉ោង 03:07:PM