អត្ថបទ៖ សំនៀង
ក្រសួងបរិស្ថានបាន និងកំពុងធ្វើទំនើបកម្ម និងការតាមដានត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីក្រុមហ៊ុននិងរោងចក្រ សហគ្រាស នៅកម្ពុជា។ នេះតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។
តាមការចុះផ្សាយនោះ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះអនុវត្តវិធានការច្បាប់ ស្របតាមក្រម បរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ចំពោះក្រុមហ៊ុន និងរោងចក្រ ដែលបានធ្វើការបំពុលបរិស្ថាន ចំនួន៣០ករណី ក្នុងនោះមានក្រុមហ៊ុន និងរោងចក្រ ដែលបានបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈ ចំនួន ២៦ ករណី និងក្រុមហ៊ុន និងរោងចក្រ បានបំពុលខ្យល់ចំនួន៤ ករណី។
ទន្ទឹមការចុះត្រួតពិនិត្យ និងរកឃើញ ក្រុមហ៊ុននិងរោងចក្រទាំងនោះ ដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់របស់ប្រទេសកម្ពុជា ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់មិនលើកលែង ដែលក្នុងនោះបានចេញលិខិតពិន័យ និងលិខិតបញ្ជាកែប្រែ ចំនួន២៤ ទីតាំង ក្នុងនោះមាន លិខិតផ្អាកដំណើរការ ផលិតកម្មចំនួន ២ក្រុមហ៊ុន គឺក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd និងក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. ដែលមានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយឡែកក្រសួងបរិស្ថាន បាននិងកំពុងរៀបចំរបាយការណ៍ និងលិខិតពិន័យ រួមទាំងលិខិតបញ្ជាកែប្រែ ចំពោះក្រុមហ៊ុននិងរោងចក្រ ចំនួន៦ ទីតាំងផ្សេងទៀត។ នេះជាការបញ្ជាក់បញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ដើម្បីពង្រឹងការតាមដាន ត្រួតពិនិត្យការបំពុលបរិស្ថាន ការបញ្ចេញសំណល់ ដែលបង្កហានិភ័យខ្ពស់ ដល់បរិស្ថាន មានក្រុមហ៊ុន និងរោងចក្រ ចំនួន៥០កន្លែង កំពុងធ្វើអាជីវកម្មនៅកម្ពុជា បានចុះកិច្ចសន្យាបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុល ចូលទៅក្នុងប្រភពទឹកសាធារណៈ និងតំបន់ទឹកធម្មជាតិ ស្របទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។ ក្នុងចំណោមក្រុមហ៊ុន និងរោងចក្រទាំងនោះ មានក្រុមហ៊ុន និងរោងចក្រចំនួន ៣៥ ទីតាំង បានបំពាក់ឧបករណ៍ ស្វ័យត្រួតពិនិត្យនេះរួចហើយ ដែលភាគច្រើននៅក្នុងខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ៕
03-កញ្ជា-2025 - ម៉ោង 03:10:PM
18-សីហា-2025 - ម៉ោង 02:16:PM
18-សីហា-2025 - ម៉ោង 10:59:AM
06-សីហា-2025 - ម៉ោង 09:32:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា