សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យដោយផ្ទាល់លើតំបន់ខ្នងភ្នំខ្នងផ្សារ ដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង

14-មិនា-2025 - ម៉ោង 10:43:AM

អត្ថបទ៖ កែវ រតនៈ

យោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងឱកាសអញ្ជើញធ្វើដំណើរកម្សាន្ត លើភ្នំខ្នងផ្សារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចុះពិនិត្យដោយផ្ទាល់លើតំបន់ខ្នងភ្នំខ្នងផ្សារ ក្នុងជួរឧទ្យានជាតិភ្នំក្រវាញ ដើម្បីពិនិត្យ​​​ទៅលើផែនការជំរុញគោលដៅលំហែបៃតង។

ស្របតាមគោលបំណងសំខាន់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺដើម្បីជំរុញឱ្យមានការអភិវឌ្ឍគោលដៅលំហែបៃតងនេះ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិ ក្រុមការងារពិសេសបានសហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។

-សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរដែលមកកម្សាន្តនៅទីនេះ។

-សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់​ជើងភ្នំផងដែរ។

គម្រោងអភិវឌ្ឍន៍ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ បានសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍​​​​នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែ​​រក្សា​​ឱ្យ​​បាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយ​​មិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។

សូមបញ្ជាក់ថា ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ វាមានកម្ពស់ប្រហែល១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សារ មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅទីនេះ កន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សារ ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត៕

 រូបភាព៖ ក្រសួងបរិស្ថាន

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថាន៖ ខេត្តស្ទើរតែទាំងអស់នៅកម្ពុជាមានស្ថានភាពគុណភាពខ្យល់“ល្អណាស់” ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ កម្ពុជា ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន ក្រសួងបរិស្ថាននឹងរៀបចំការប្រលងប្រណាំង“ភូមិឃុំសង្កាត់មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ CCFC បានសេចក្តីប្រកាសព័ត៌មានទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការៈ «និយាយថាទេ ថ្នាំពុល និងជីគីមីប៉ះពាល់សុខភាព» ដឹកនាំដោយកសិករជនបទ ស្ត្រី និងយុវកសិករ ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ក្រសួងបរិស្ថានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្សា ក្នុងដែនជម្រកសត្វព្រៃស្រៃពក ក្រសួងបរិស្ថានចាត់ទុកការកាប់បំផ្លាញដើមសំរ៉ងជាសកម្មភាពខុសច្បាប់ អ្នកនាំពាក្យក្រសួងបរិស្ថាន៖ កម្ពុជាមិនទាន់មានខ្យល់ពុលធ្វើឱ្យប៉ះពាល់ដល់សុខភាពសារធារណៈនៅឡើយទេ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម