អត្ថបទ៖ យូ វាសនា
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «កិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលរួមសម្រាប់អនុវត្តគម្រោងស្ដីពី ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍន៍ជាច្រើនរូបផងនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រសាសន៍ថា នៅក្នុងក្របខណ្ឌកិច្ចគាំពារបរិស្ថាន ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការទប់ស្កាត់ ការកាត់បន្ថយការបំពុលបរិស្ថាន និងការថែរក្សាគុណភាពបរិស្ថានទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់ និងការទ្រទ្រង់ជីវិត ជីវៈចម្រុះ ទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត តាមរយៈការដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាព លិខិតបទដ្ឋានច្បាប់ និងវិធានការគ្រប់គ្រងសំណល់ និងសារធាតុបំពុលបរិស្ថាននានា ប្រកបដោយនិរន្តរភាពបរិស្ថាន ដោយមានតម្រូវការជាចាំបាច់នូវការចូលរួមគាំទ្រនិងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ឬ ដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីធានាថា សំណល់និងសារធាតុគីមីពុលដែលបង្កើត និងបញ្ចេញដោយសកម្មភាពអភិវឌ្ឍន៍ និងភាពរីកចម្រើននៃសង្គមជាតិ គឺត្រូវបានគ្រប់គ្រង និងបានធ្វើប្រព្រឹត្តិកម្មសម្អាតមុនបញ្ចេញទៅក្នុងបរិយាកាស ទឹក ឬ ដី។
ឯកឧត្តមរដ្មមន្រ្តីបន្ថែមថា ក្រសួងបរិស្ថានក៏បានដាក់ឱ្យអនុវត្តប្រកាស ស្ដីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ក្នុងគោលបំណងធ្វើទំនើបកម្មការតាមដានការបំពុលបរិស្ថានពីចម្ងាយ លើការបញ្ចេញសំណល់ដែលបង្កហានិភ័យខ្ពស់ដល់បរិស្ថាន ដោយធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលដែលត្រូវបញ្ចេញចូលបរិស្ថាន និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថានតាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ សំដៅលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ សហគ្រាស និងកាត់បន្ថយការចុះត្រួតពិនិត្យផ្ទាល់ពីមន្រ្តីជំនាញដែលអាចបង្កការរំខានដល់អ្នកវិនិយោគ។
សូមបញ្ជាក់ថា គម្រោងស្ដីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក ជំហានទី២ ត្រូវបានអនុម័តសម្រាប់រយៈពេល ៤ឆ្នាំ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ដែលជ្រើសរើសស្ទឹងព្រែកត្នោត ជាតំបន់អនុវត្តគម្រោងបឋម។
កញ្ញា MIURA Yoshiko តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានឱ្យដឹងថា គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមរយៈពេល ៣ ឆ្នាំ ដែលបានចាប់ផ្តើមឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦។ គម្រោងនេះមានគោលបំណងផ្តោតទៅលើការ បង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងទឹកលើផ្ទៃដី និងទឹកកខ្វក់ ដោយផ្អែកលើអនុក្រឹត្យស្តីពីការ គ្រប់គ្រងការបំពុលទឹក។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គម្រោងសម្រេចបាននូវ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសមត្ថភាពមន្ទីរពិសោធន៍ ការត្រួតពិនិត្យគុណភាព ទឹកលើផ្ទៃដី និងការគ្រប់គ្រងទឹកកខ្វក់៕
រូបភាព៖ បណ្ដាញសង្គម
02-ឧសភា-2025 - ម៉ោង 11:10:AM
24-មេសា-2025 - ម៉ោង 11:30:AM
22-មេសា-2025 - ម៉ោង 11:10:AM
21-មេសា-2025 - ម៉ោង 02:53:PM